នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ 2017 ម្សិលមិញនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អ្នកនាង ម៉េង កែវពេជ្ជតា បានទម្លាយសាររិះគន់រូបិយប័ណ្ណក្រដាសប្រាក់ដែលទើបតែចេញថ្មីថា ងាយភាន់ច្រឡំ ងាយវង្វេងវង្វាន់ក្នុងការចាយវាយ។ សាររបស់អ្នកនាងហាក់បីដូចជាបានរិះគន់ទៅកាន់ធនាគារជាតិ និងរាជរដ្ឋាភិបាលចំៗតែម្ដងដើម្បីសុំឱ្យពិចារណារឿងនេះឡើងវិញ។
នៅក្នុងនោះដែរតារាចម្រៀងស្រីជើងចាស់ និងមានឈ្មោះល្បីរូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកថា «និយាយពីរឿង រូបិយប័ណ្ណ ( លុយ ) នៅស្រុកខ្ញុំវិញ ម្តេចក៏មានច្រើនរូប ច្រើនបែបម្ល៉េះ? ចំនួនទឹកប្រាក់តែមួយ ប៉ុន្តែមានរូបរាង ពណ៌ រូបភាព ទំហំផ្សេងៗគ្នា ធ្វើឱ្យអ្នកចាយមានការវង្វេងវង្វាន់ភាន់ច្រឡំ។ នេះសម្រាប់ប្រជាពលរដ្ឋខ្មែរផង ចុះទម្រាំជនបរទេសទៀត តើគេនឹងពិបាកសម្គាល់យ៉ាងណាទៅ? ខ្ញុំមិនដឹងថា នេះជាគោលការណ៍សេដ្ឋកិច្ចអ្វីទេ តែខ្ញុំឆ្ងល់មែនទែន ព្រោះមិនដែលឃើញលុយ អាមេរិក បារាំង អូស្ត្រាលីអី គេដូរញឹកញាប់ដូច្នេះផង គឺទាល់តែយូរណាស់ ទើបដូរម្តង…ឆ្ងល់…»។
សូមជម្រាបផងដែរថា នៅខាងក្រោមសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា គេសង្កេតឃើញមានមតិមហាជនជាច្រើននាក់ បានចូលមកគាំទ្រសាររបស់អ្នកនាង ព្រមទាំងសម្ដែងការមិនពេញចិត្តដូចគ្នាដែរ៕