Kerala ជារដ្ឋមួយពោរពេញដោយវប្បធម៌ដ៏ចំណាស់ និងជាទីតាំងដ៏ស្រស់បំព្រងនៃឆ្នេរសមុទ្រដ៏វែងអន្លាយរបស់ប្រទេសឥណ្ឌា ជាប់ជាមួយនឹងសមុទ្រអារ៉ាប់។ ទឹកដីដែលត្រូវបានដាក់ឈ្មោះ “ដែនដីគ្រប់គ្រងដោយព្រះ” មួយនេះ ត្រូវបានចាត់ទុកជាទីតាំងទេសចរណ៍ដ៏ទាក់ទាញបំផុត 1ក្នុងចំណោម10នៅទូទាំងពិភពលោក ព្រោះវាបង្កប់ទៅដោយរឿងរ៉ាវដ៏អស្ចារ្យ ជាពិសេសគឺកសាងរមនីយដ្ឋានឱ្យស្របទៅតាមបែបធម្មជាតិ ជាពិសេសទូកទេសចរណ៍ធ្វើអំពីឈើ ដែលញាំុងឱ្យភ្ញៀវទេសចរ ជាពិសេសគូស្នេហ៍ដ៏រ៉ូមែនទិកអាចលំហែកាយ និងកសាងនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិត។
ការធ្វើដំណើរកម្សាន្តនៅក្នុងតំបន់ Kerala នេះ ភ្ញៀវទេសចរក៏នឹងស្វែងយល់អំពីរបៀបរស់នៅ ជាពិសេសខ្សែទឹកទន្លេ និងដងព្រែកដ៏ឆ្វាត់ឆ្វែង ព្រមទាំងវាលស្រែដាំដំណាំជាច្រើនប្រភេទហើយក៏មានដំណាំកាហ្វេផងដែរ ជាពិសេសគឺដើមដូងច្រូងច្រាងខ្ពស់ៗ និងលំនៅឋានបែបប្រពៃណីសាងសង់អំពីឈើនៅតាមបណ្តោយដងទន្លេ និងដងព្រែកនេះតែម្តង។ មិនទាន់អស់ទេ ឆ្នេរខ្សាច់នៅរដ្ឋ Kerala ដ៏វែងអន្លាយ គឺជាឆ្នេរពណ៌មាសទល់មុខនឹងសមុទ្រអារ៉ាប់ វានឹងធ្វើឱ្យជើងរបស់លោកអ្នក ទទួលនូវអារម្មណ៍ថ្មីប្លែកមួយបែបទៀតពេលអ្នកបានដើរលេងនៅលើឆ្នេរខ្សាច់នេះ។ កុំភ្លេចណាភ្ញៀវទេសចរទាំងឡាយ សូមទៅទស្សនាឧទ្យានជាតិនានា ព្រមទាំងឧទ្យាជីវៈចម្រុះអភិរក្សសត្វព្រៃផង ដើម្បីឱ្យបានដឹងបន្ថែមថា Kerala មានធនធានធម្មជាតិកម្ររកបានអ្វីខ្លះដែលពិសេសប្លែកពីគេ។
ដោយឡែកចំពោះការធ្វើដំណើរមកកាន់ដែនដីដ៏ស្រស់ស្អាតនេះគឺអាចធ្វើដំណើរតាមផ្លូវអាកាស ដោយត្រូវធ្វើដំណើរមកកាន់ព្រលានយន្តហោះ ដែលមានទាំងព្រលានយន្តហោះជាតិនិងព្រលានយន្តហោះអន្តរជាតិ សរុបចំនួន3កន្លែង ហើយបើធ្វើដំណើរតាមផ្លូវទឹកវិញ Keralaមានកំពង់ផែសមុទ្រ Cochin និងផ្លូវគោកគឺភ្ជាប់គ្នារវាងរដ្ឋ Karnataka និងរដ្ឋ Tamil Nadu តែម្តង ដោយមានទាំងផ្លូវថ្នល់ ជាពិសេសមធ្យោបាយតាមរថភ្លើងដ៏ពេញនិយម និងអាចឱ្យអ្នកទេស-ចរ រីករាយនឹងទេសភាពនៅតាមដងផ្លូវបន្ថែមទៀតផង។
បន្ថែមពីនេះ សេវាកម្មហាងលក់ទំនិញ ផ្សារទំនើប អាហារដ្ឋាន បូករួមទាំងចំណីអាហារដ៏សម្បូរបែប និងផ្ទះសំណាក់ រហូតដល់សណ្ឋាគារប្រណិតលំដាប់អន្តរជាតិ គឺមានគ្រប់គ្រាន់ ទាំងនៅតាមតំបន់មាត់សមុទ្រ និងនៅតាមដងព្រែក ដងទន្លេ ព្រមទាំងតំបន់ឧទ្យានជាច្រើនទៀតរបស់ Kerala ដែលេជាកន្លែងទេសចរណ៍ និងជាទីដ៏មនោរម្យក្នុងការធ្វើដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដែលមិនចេះជិនណាយឡើយ៕