មិនពិបាករកនោះទេ ព្រោះកោះនេះស្ថិតនៅប្រជុំកោះរ៉ុង តំបន់សមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ដែលពោរពេញដោយទេសភាពនៃវាលខ្សាច់ពណ៌សក្បុស ហ៊ុមព័ទ្ធដោយផ្ទះឈើប្រក់ស្បូវដ៏ប្រណីត គឺជាឋានសួគ៌ពិតៗរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ទីរមណីយដ្ឋាន “កោះអូន និងកោះបង ឬកោះសង្សារ”។ គ្រាន់តែឃើញរូបភាពប៉ុណ្ណោះ ក៏លោកអ្នកអាចដឹងភ្លាមៗតែម្តងថា កោះដ៏តូចច្រឡឹងមួយនេះ គឺជាឋានសួគ៌ក្នុងក្ដីស្រមៃ នារាត្រីក្រេបទឹកឃ្មុំដ៏រ៉ូមែនទិច និងជាទីកន្លែងដែលផ្សាភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃបាត់ទៅហើយ។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន មានកិត្តិយសសូមនាំដំណើរគូស្វាមីភរិយាថ្មោងថ្មីទាំងឡាយទៅកាន់អារម្មណ៍ដ៏រ៉ូមែនទិច និងប្លែកមិនធ្លាប់មានពីមុននៅលើទឹកដី “កោះអូន និងកោះបង”។
សម្រាប់ដំណើរកម្សាន្តទៅកាន់កោះអូន និងកោះបង ឬកោះសង្សារ អ្នកគ្រាន់តែធ្វើដំណើរចេញពីកំពង់ផែខេត្តព្រះសីហនុ ចម្ងាយ29គីឡូម៉ែត្រ ឬចម្ងាយប្រមាណជា232គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កាត់តាមខេត្តកំពង់ស្ពឺ ទៅតាមប៉ែកនិរតីនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ នោះលោកអ្នកនឹងទៅដល់ទីឋានក្នុងក្ដីសុបិនមួយនេះជាមិនខាន។ កោះសង្សារទាំងគូស្ថិតនៅគម្លាតពីគ្នាមិនដល់1គីឡូម៉ែត្រផង ហើយភ្ញៀវអាចឆ្លងទៅវិញទៅមកតាមរយៈស្ពានឈើលើទឹក។ កោះទាំង2នេះមាន កោះបង គឺជាកោះដែលមានទិដ្ឋភាពស្រស់បំព្រង និងគ្របដណ្ដប់ទៅដោយរុក្ខជាតិធំៗដូចនៅក្នុងព្រៃភ្នំ។ នៅទីនោះមិនមានស្លាកសញ្ញាប្រាប់ផ្លូវអ្វីច្រើនទេ ពោលគឺភ្ញៀវអាចដើរលេងទស្សនាបក្សាបក្សីនិងតំបន់ឆ្នេរដែលមានដុំសិលាដ៏ស្ងប់ស្ងាត់ និងលន្លង់លន្លោច ព្រមទាំងមានផ្ទះវីឡាឈើដ៏ប្រណីតចំនួន27ខ្នង បានបំផុសខ្លួនចេញពីព្រៃព្រឹក្សា តំបន់ឆ្នេរ និងខ្លះទៀតស្ថាបនាលេចចេញពីផ្ទៃសាគរ។ ផ្ទះវីឡានីមួយៗមានតម្លៃខុសគ្នា និងរៀបចំតុបតែងប្លែកៗពីគ្នា ដោយប្រើសម្ភារ និងឧបករណ៍ដ៏ទំនើបៗទៅតាមស្តង់ដារ ផ្ទះវីឡាទាំងនេះគឺជាសណ្ឋាគារដ៏ប្រណីតលំដាប់អន្តរជាតិ។ ពិតមែនហើយ ទេសភាពបែបនេះកំពុងក្លាយខ្លួនជាចំណីចក្ខុដ៏កម្រនៅក្នុងប្រទេសកម្ពុជាដែលពិភពលោកកំពុងសម្លឹងរកមើល។
រីឯកោះមួយទៀតនោះមានឈ្មោះថា កោះអូន ដែលគ្រាន់តែឭឈ្មោះមួយនេះភ្លាម លោកអ្នកជាគូស្នេហ៍ដ៏ផ្អែមល្ហែម ប្រាកដជាដឹងហើយថា វាមានន័យថា “កោះសង្សារ”។ ទេសភាពធម្មជាតិ ឆ្នេរខ្សាច់ពណ៌សស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើដ៏ស្រស់បំព្រង និងសត្វមច្ឆាដ៏សម្បូរបែប ជាចំណុចដ៏ទាក់ទាញរបស់កោះអូន និងកោះបង ឬកោះសង្សារ រួមផ្សំជាមួយនឹងការច្នៃប្រឌិតតុបតែងដ៏ប្រណីត និងពោរពេញទៅដោយភាពទាក់ទាញបន្ថែមទៀតនោះ កុំគិតច្រើនទៀតអី វាជាឋានសួគ៌កំពុងរង់ចាំលោកអ្នកទៅកសាងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅទីនោះហើយ។
ងាកមកមើលសេវាដឹកជញ្ជូនវិញ ពីទីក្រុងព្រះសីហនុទៅកាន់កោះអូន និងកោះបង ឬកោះសង្សារ លោកអ្នកត្រូវចំណាយពេលធ្វើដំណើរតាមផ្ទៃទឹកតែ35ទៅ40នាទីប៉ុណ្ណោះ ដោយប្រើនាវាដែលមានល្បឿនលឿន និងធានាសុវត្ថិភាពខ្ពស់បំផុត។ ចំណុចវិសេសបន្ថែមមួយទៀតគឺ នៅក្នុងផ្ទះវីឡាដ៏ប្រណីតនៅលើកោះទាំង2នេះ គឺមានអាងហែលទឹក ស្ប៉ា-ម៉ាស្សា និងមានប្រព័ន្ធ Wi-fi ជាពិសេសក៏មានសេវាកម្មរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ និងការមុជទឹកមើលផ្កាថ្ម ដែលជាជីវៈចម្រុះដែលកំពុងទាក់ទាញ និងប្លែកភ្នែកថែមទៀតផង។ បើលោកអ្នកមានកាមេរ៉ាថតក្នុងទឹកបានទៀតនោះ គឺអេមតែម្តងដោយនៅពេលថតហើយ លោកអ្នកអាចបង្ហោះរូបរបស់លោកអ្នកនៅក្នុងបណ្តាញសង្គមFacebook, Instagram ឬក៏ Line បានភ្លាមៗតែម្តង៕