នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរចាប់ផ្តើមចូលចិត្តអាន និងមើលឃើញពីតម្លៃនៃការអានកាន់តែច្រើនឡើងហើយ តែអ្វីដែលនៅតែជាបញ្ហានោះ គឺពួកគាត់មិនទាន់ស្គាល់ពីសេវាកម្មរបស់បណ្ណាល័យច្បាស់នៅឡើយ ដែលពេលខ្លះធ្វើឱ្យពួកគាត់ត្រូវឃ្លាតឆ្ងាយពីការអានទៅវិញ នៅពេលដែលគាត់មិនសូវទៅបណ្ណាល័យ ឬធ្វើអ្វីផ្សេងដែលនៅឆ្ងាយពីកន្លែងដែលបង្កើនទម្លាប់នៃការអាននេះ។
អ្នកស្រី ខ្លូត វិបុលឡា នាយិកាបណ្ណាល័យជាតិកម្ពុជាបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ថ្វីដ្បិតតែទម្លាប់នៃការអាននៅមានកម្រិតក្តី តែកំណើននៃការអានក៏ចាប់ផ្តើមមានខ្លះៗដែរហើយក្នុងចំណោមយុវជនខ្មែរ ព្រោះថា ជាក់ស្តែងយើងបានមើលឃើញតាមរយៈការធ្វើពិព័រណ៍សៀវភៅប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ដែលបង្ហាញថា ពីមួយឆ្នាំទៅមួយឆ្នាំ សៀវភៅដែលដាក់តាំងនៅក្នុងពិព័រណ៍សៀវភៅបានលក់ដាច់រាប់ម៉ឺនក្បាល ហើយសម្រាប់ក្រុមហ៊ុនបោះពុម្ពផ្សាយមួយចំនួនក៏បានពង្រីកស្តង់របស់ខ្លួនពី 2 ស្តង់នៅឆ្នាំមុន មក5ស្តង់នៅឆ្នាំនេះ។
លោកស្រី ខ្លូត វិបុលឡា បានមានប្រសាសន៍ថា៖ «តាមពិតទៅចំនួនអ្នកអានបានកើនឡើង តែអ្វីដែលជាបញ្ហា គឺប្រជាជនជាច្រើនទៀតនៅខ្វះទម្លាប់នៃការអាន និងមិនទាន់ស្គាល់ពីបណ្ណាល័យដែលមានយ៉ាងច្រើននៅកម្ពុជាយើងនៅឡើយ»។
លោកស្រី ខ្លួត វិបុលឡា បានបន្ថែមទៀតថា ជាក់ស្តែងដូចជាបណ្ណាល័យជាតិ មនុស្សជាច្រើនគិតថា ជាបណ្ណាល័យរបស់រដ្ឋាភិបាល ហើយមិនហ៊ានចូលមើល តាមពិតបណ្ណាល័យជាតិ គឺបើកឱ្យសាធារណជនទូទៅបានចូលអានផងដែរ។
លោក គឹម ច័ន្ទត្រាបុត្រ គណៈកម្មការរៀបចំមហោស្រពបណ្ណាល័យកម្ពុជា និងជាអ្នកបច្ចេកទេសបណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានលើកឡើងថា ជាការមើលឃើញរបស់លោក ប្រជាជនដែលស្គាល់ពីបណ្ណាល័យច្បាស់មានតិចណាស់។ ការស្គាល់បណ្ណាល័យនេះសំដៅលើការស្គាល់សេវារបស់បណ្ណាល័យ ដែលមានសេវាផ្សេងទៀតជាច្រើនក្រៅពីការដែលគ្រាន់តែចូលទៅអានសៀវភៅ។
លោក គឹម ច័ន្ទត្រាបុត្រ បាននិយាយថា៖ «ប្រសិនបើតាមការមើលឃើញរបស់លោក សម្រាប់អ្នកនៅក្នុងទីក្រុងមានអ្នកស្គាល់ពីសេវាបណ្ណាល័យប្រហែលច្រើនជាង 20% តែសម្រាប់អ្នកដែលរស់នៅតំបន់ជនបទវិញមានត្រឹមតែប្រមាណ 5%ប៉ុណ្ណោះ»។
លោក គឹម ច័ន្ទត្រាបុត្រ បានលើកឡើងថា បញ្ហានេះអាចជះឥទ្ធិពលខ្លះដែរដល់ការអាននៅកម្ពុជា ហេតុនេះអ្វីដែលអាចជំរុញឱ្យមានដំណោះស្រាយ គឺយើងបង្កើតជាពិព័រណ៍បណ្ណាល័យឡើងដើម្បីបង្ហាញឱ្យឃើញពីចំនួនបណ្ណាល័យ និងសេវាកម្មយ៉ាងសម្បូរបែបរបស់បណ្ណាល័យដែលមានសម្រាប់ប្រជាជនកម្ពុជាយើង៕