ភ្នំពេញ៖ ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់សាជាថ្មីដោយដកស្រង់របាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB)ដែលបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេលំដាប់ទី6 នៅលើពិភពលោកក្នុងរង្វង់ 20ឆ្នាំជាប់ៗគ្នានារយៈពេលចុងក្រោយនេះ។
ឯកឧត្តមបានលើកឡើងនៅក្នុងកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី2របស់កម្ពុជានៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅថ្ងៃទី21 ដល់ ខែវិច្ឆិកាថា «ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ ក៏កម្ពុជាជាប្រទេសមួយដែលប្រកាន់យករបបទីផ្សារសេរី និងសេដ្ឋកិច្ចបើកចំហដែរ»។
ដោយសារគោលនយោបាយទីផ្សារសេរី និងសេដ្ឋកិច្ចបើកចំហនេះហើយ ដែលចាប់តាំងពីឆ្នាំ2011មក កម្ពុជាបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ7%ក្នុងមួយឆ្នាំ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗមានចំនួន 1,302 ដុល្លារអាមេរិកក្នុងឆ្នាំ 2016 ធៀបនឹងឆ្នាំ2011 ដែលមានត្រឹមតែ 911ដុល្លារអាមេរិកប៉ុណ្ណោះ។
តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយថាមវ័ន្តនេះបានធ្វើឱ្យមានការរីកចម្រើនលើសុខុមាលភាពប្រជាជនកម្ពុជា និងបានកាត់បន្ថយភាពក្រីក្រពី 53 ភាគរយក្នុងឆ្នាំ2004 មកនៅត្រឹម13.5 ភាគរយក្នុងឆ្នាំ2014 និងអត្រាគ្មានអក្ខរកម្មកើនពី 79.9 ភាគរយក្នុងឆ្នាំ2011 ដល់ 80.5ភាគរយ ក្នុងឆ្នាំ2015។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចធ្លាប់បានលើកឡើងថា វាជាការពិត បើយើងក្រឡេកមើលទៅលើ ល្បឿនសេដ្ឋកិច្ចដែលមានកំណើនថេរក្នុងរយៈពេលជិត2ទសវត្សរ៍ចុងក្រោយនេះ ដែលជាហេតុធ្វើឱ្យកម្ពុជាឈរលើលំដាប់ទី6នៅលើពិភពលោកពិតមែន ប៉ុន្តែដោយសារកម្ពុជាជាប្រទេសតូចមានប្រជាជនតិច ទើបទោះបីជាមានកំណើនសេដ្ឋកិច្ចថេរដូច្នេះក៏ដោយ ក៏មិនអាចប្រៀបធៀបនឹងប្រទេសដែលមានប្រជាជនច្រើនរយលាននាក់បានដែរ ទោះជាសេដ្ឋកិច្ចរបស់គេកើនឡើងត្រឹមតែ 1 ឬ2% ក៏ច្រើនជាងយើង7%នេះដែរ៕