ក្រុមយក្សអេស្ប៉ាញ Barcelona នឹងធ្វើដំណើរទៅជួបក្រុមធ្លាក់ទម្រង់លេង Juventus ក្នុងការប្រកួតវគ្គចែកពូលនេះក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ស្របពេលដែលក្រុមម្ចាស់ជើងឯកអង់គ្លេស Chelsea សម្លឹងរកកៅអីវគ្គ16ក្រុមចុងក្រោយ នៅពេលដែលពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងអាស៊ែបៃហ្សង់ ដើម្បីប៉ះជាមួយនឹងក្រុម Qarabag។
ស្របពេលជាមួយគ្នានេះ Roma អាចឈ្នះកៅអីរបស់ពួកគេទៅវគ្គបន្ទាប់ តាមរយៈការដណ្តើមបាន1ពិន្ទុលើទឹកដីក្រុម Atletico Madrid ស្របពេល Chelsea នឹងឈានទៅវគ្គ16ក្រុម ដោយការយកឈ្នះលើក្រុម Qarabag ឬប្រសិនបើ Atletico មិនអាចដណ្តើមបានជ័យជម្នះក្នុងប្រទេសអេស្ប៉ាញ។ Roma បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការយកឈ្នះ Lazio 2-1 ក្នុងការប្រកួតលីករបស់ពួកគេ។ ក្នុងពូល C ដូចគ្នានេះ Chelsea នឹងឈានទៅកាន់ការប្រកួតនេះ ទាំងការជឿជាក់ ក្រោយពីបានលត់ក្រុម Qarabag យ៉ាងចាស់ដៃក្នុងលទ្ធផល 6-០ ក្នុងពេលក្រុមទាំងបានជួបគ្នាកាលពីថ្ងៃបើកឆាក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមតោខៀវមួយនេះ បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការផ្តួលក្រុម West Brom ក្នុងលទ្ធផល 4-០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុននេះ។ ស្របពេលជាមួយគ្នានេះ ក្រុម Barcelona នឹងបញ្ចប់ដោយឈរលើលេខ1ក្នុងពូល តាមរយៈការដណ្តើមបានលទ្ធផលស្មើជាមួយនឹងក្រុមម្ចាស់ជើងឯករង Juventus កាលពីឆ្នាំមុន ។ ក្រុម Juventus បានរងបរាជ័យដ៏កម្រកាលពីថ្ងៃអាទិត្យ ក្រោយពីចាញ់ក្រុម Sampdoria 3-2 ក្នុងពេលអ្នកចាំទី Gianluigi Buffon និងខ្សែការពារ Andrea Barzagli មិនត្រូវបានដាក់ឲ្យចូលលេង។ ប៉ុន្តែ លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានសារភាពកាលពីថ្ងៃអង្គារថា លោកបានទស្សនាការរងបរាជ័យក្នុងលទ្ធផល 3-០ ក្រោមស្នាដៃក្រុម Juventus កាលពីរដូវកាលមុន ម្តងហើយម្តងទៀត ដើម្បីត្រៀមសម្រាប់ការប្រកួតរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ក្នុងទីក្រុង Turin នៅរាត្រីនេះ។
លោក Valverde ដែលបានចូលជំនួសកន្លែងរបស់លោក Luis Enrique កាលពីខែឧសភា កន្លងទៅ បានឲ្យដឹងថា៖ «ខ្ញុំបានទស្សនាការប្រកួតជើងទី1ម្តងហើយម្តងទៀត ដើម្បីត្រៀមលក្ខណៈ។ នេះគឺជាវគ្គចាញ់ធ្លាក់ ហើយស្ថានភាពក៏ខុសគ្នាដែរនៅពេលនេះ ប៉ុន្តែ យើងពិតជាដឹងថា Juventus នឹងចាប់ផ្តើមយ៉ាងរឹងមាំ ហើយយើងត្រូវតែត្រៀមលក្ខណៈឲ្យរួចរាល់សម្រាប់ការវាយបក»។ Chelsea នឹងចាប់ផ្តើមប្រកួតនៅម៉ោង12 អធ្រាត្រ ខណៈ Barca និង Juventus ចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ sports.yahoo.com