បច្ចុប្បន្ននេះ ស្រាក្រឡុក បាននិងកំពុងតែមានការពេញនិយមជាខ្លាំងពីមហាជនទូទៅស្ទើរគ្រប់មជ្ឈដ្ឋាន ជាពិសេសពីសំណាក់មិត្តយុវវ័យដែលមានធនធានតែម្ដង ដ្បិតស្រាប្រភេទនេះមានរសជាតិឈ្ងុយ ផ្អែមឆ្ងាញ់ជាប់មាត់ មិនពិបាកលេបដូចប្រភេទវីស្គីទូទៅ ឬស្រាបៀរនោះទេ។ បន្ថែមពីនេះ ស្រាក្រឡុក ក្រៅពីបានបង្ហាញពីភាពទាន់សម័យចំពោះអ្នកទទួលទាននោះ វាក៏អាចចូលរួមចំណែកក្នុងការជួយបំប៉នសុខភាពផងដែរ ខណៈដែលការទទួលទានត្រូវបានធ្វើឡើងស្របតាមការកំណត់ គ្រាន់តែថា វាមានតម្លៃថ្លៃបន្តិចតែប៉ុណ្ណោះ។
គ្រឿងផ្សំ
• ស្រាស (white rum)
• ជីអង្កាម (Mint Leaves)
• ស្ករត្នោត (Brown Sugar)
• ផ្លែក្រូចឆ្មារ (Lime)
• ផ្លែគូលេន (Ly Chee fruit)
• ទឹកសូដា (Soda)
វិធីលាយ
សម្រាប់របៀបធ្វើ ឬលាយបង្កើតជាស្រាក្រឡុក ដែលមានឈ្មោះថា Lychee Mojito នេះ ហាក់មិនមានអ្វីពិបាកនោះទេ។ រាល់វត្ថុធាតុដើម ឬគ្រឿងផ្សំទាំងអស់សុទ្ធតែងាយស្វែងរកបាន ហើយចំពោះកម្រិត ឬបរិមាណនៃការប្រើ ក៏អាស្រ័យទៅលើចំណូលចិត្តរបស់អ្នកទទួលទានផ្ទាល់ ប៉ុន្តែសង្កត់ធ្ងន់លើបរិមាណរបស់ផ្លែគូលេនច្រើនជាងគេបន្តិច ដ្បិតថា ស្រាមួយប្រភេទនេះត្រូវបានផ្តោតទៅលើរសជាតិផ្អែមឈ្ងុយនៃផ្លែគូលេន។ យកគ្រឿងផ្សំទាំងអស់វាយក្រឡុកបញ្ចូលគ្នា ដោយទុកត្រឹមតែសមាសធាតុរបស់សូដា ដែលត្រៀមសម្រាប់ចាក់បន្ថែមពីលើក្រោយគេ។ ជាមួយគ្នានេះ ជាការបង្កើនសោភ័ណភាព លោកអ្នកក៏អាចយកចំណិតផ្លែក្រូចឆ្មារបំពាក់ពីលើមាត់កែវជាការស្រេច។ លោកអ្នកក៏អាចស្វែងរកស្រាក្រឡុកប្រភេទនេះបាននៅភោជនីយដ្ឋាន Cowboy នៅផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ៕