នៅថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ម្ចាស់ពានកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian iDol រដូវកាលទី 1 លោក នី រតនា បានបង្ហោះរូបភាពមួយសន្លឹក និងសារដ៏មានអត្ថន័យនៅក្នុងជីវិតឱ្យមហាជនបានដឹង។ រូបភាពមួយសន្លឹកនោះបានស្ដែងឱ្យឃើញថា លោកកំពុងតែឈរនៅពីមុខឡានទំនើបមួយគ្រឿងម៉ាក Mazda ខុសពីពេលកន្លងមកដែលលោកជិះឡាន Lexus RX 350 នៅឡើយ។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានរៀបរាប់ថា «យើងអាចនឹងកើតមក មិនបានរស់នៅលើគំនរទ្រព្យដូចគេក៏ពិតមែន ក៏ប៉ុន្តែអ្វីដែលយើងយកមកជាមួយនោះ គឺទេពកោសល្យ នឹងជំនាញពិសេសផ្ទាល់ខ្លួន។ ទ្រាំបន្តិចទៀត! ប្រឹងបន្តិចទៀត! តស៊ូបន្តិចទៀត! យើងនឹងឈានទៅដល់គោលដៅរបស់យើងជាក់ជាមិនខាន…»។
សារព័ត៌មាន ឡារ៉ែន បានព្យាយាមសុំការបកស្រាយបញ្ជាក់ពីលោក នី រតនា តាមរយៈសារអេឡិចត្រូនិក និងត្រូវបានលោកបញ្ជាក់ប្រាប់មកវិញថា «នោះមិនមែនជារថយន្ដរបស់ខ្ញុំទេបង! ការពិត គឺជារថយន្ដសម្រាប់ថតរឿងភាគថ្មី ដែលមានចំណងជើងថា ”រាជបុត្រកង្កែប“ ទេ»៕