
បន្ទាប់ពីបានបាត់មុខមួយរយៈពីពិភពសិល្បៈ ពីការសម្ដែង MV វីដេអូចម្រៀង ស្ប៉តពាណិជ្ជកម្ម ក៏ដូចជារឿងភាគទូរទស្សន៍ និងកំពុងទទួលបានជោគជ័យលើមុខជំនួញនោះ ថ្មីៗនេះសារព័ត៌មាន ឡារ៉ែន ទទួលបានដំណឹងថា អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី គឺលោក សីហា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 7,77០ ,០០០ រៀល ក្នុងគោលបំណងជួយសាងសង់ខ្លោងទ្វារសាលាដូងបន្ថែម ដែលមានប្រវែង 150 ម៉ែត្រ និងជួយឧបត្ថម្ភដល់ជីវភាពក្មេងកំព្រាជាច្រើននាក់ឲ្យបានចៀសផុតពីដើរការសុំទានតាមផ្លូវ ព្រមទាំងឧបត្ថម្ភជំនួយដល់មនុស្សចាស់ជរាទៀតផង។

សូមជម្រាបថា ខ្លោងទ្វារសាលាដូងដែលគ្រោងនឹងសាងសង់បន្ថែមប្រវែង 150 ម៉ែត្រនេះ នឹងត្រូវធ្វើទ្បើងពីឈើ និងសម្បកកំប៉ុងអេតចាយ។ យ៉ាងណាមិញ ក៏មានសាងសង់បន្ថែមនូវរោងប្រក់ស្បូវមួយខ្នងសម្រាប់ក្រុមមនុស្សចាស់ជរាដែលមានទំហំ 12ម៉ែត្រផងដែរ។
នាឱកាសដ៏វិសេសវិសាលខាងលើ តារាស្រីរូបនេះក៏បាននាំយកនូវថវិកា សារុង ក្រមា និងនំនែកមួយចំនួនទៅចែកជូនលោកតា លោកយាយ និងកុមារៗនៅទីនោះផងដែរ។


អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «នាងខ្ញុំពិតជារំភើប និងរីករាយខ្លាំងណាស់ដែលបានជួយដល់សាលាដូងគិរីរម្យ និងមនុស្សចាស់ជរា ក្មេងៗដែលស្នាក់នៅក្នុងទីនេះឱ្យចៀសផុតពីការសុំទាននៅតាមដងផ្លូវ។ វាគ្រាន់តែជាមួយចំណែកតូចមួយដែលនាងខ្ញុំអាចជួយដល់សង្គមរបស់យើងប៉ុណ្ណោះ ហើយនាងខ្ញុំក៏សូមអរគុណផងដែរទៅដល់ក្រុមការងារ និងមិត្តភ័ក្តិទាំងអស់ រួមទាំងពុកម៉ែបងប្អូនដែលតែងតែគាំទ្រនាងខ្ញុំកន្លងមក។ សូមផ្ញើសេចក្តីស្រឡាញ់មួយនេះនៅក្នុងដួងចិត្តអ្នកគ្រប់គ្នាផង»។
គួរបញ្ជាក់ផងដែរថា សាលាដូង គឺជាមណ្ឌលសប្បុរសធម៌ដែលប្រមែប្រមូល និងជួយដល់កុមារកំព្រា និងចាស់ជរាដែលគ្មានទីពំនាក់។ នៅក្នុងសាលាដូង មានថ្នាក់រៀនសម្រាប់កុមារកំព្រាដែលមិនចេះអក្សរ មានរោងសម្រាប់ស្នាក់នៅ និងចិញ្ចឹមមើលថែទាំជនកំព្រាទាំងនោះទៀតផង។ សាលាដូងអាចរស់នៅបានដល់សព្វថ្ងៃនេះគឺ ដោយសារការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា។ សាលាដូងមិនរើសអើងចំពោះអំណោយ ឬជំនួយឡើយ សូម្បីដែលរបស់របរចាស់ៗដែលលែងប្រើហើយ សម្បកកំប៉ុងអេតចាយ(សំរាម) ឬអ្វីក៏ដោយ ក៏សាលាដូងទទួលយកដែរ។ សាលាដូងសព្វថ្ងៃមាន 2 សាខា គឺទីមួយនៅកោះដាច់ និងទីពីរនៅឧទ្យានជាតិគីរីរម្យ៕




















