ភ្នំពេញ៖ ក្នុងគោលដៅទាក់ទាញទេសចរនៃប្រទេសទាំងពីរឱ្យមានចំនួនកាន់តែច្រើន រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា ឯកឧត្តម U Onh Maung បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ 2017-2020 ដោយផ្តោតលើការពិភាក្សាស៊ីជម្រៅលើចំណុចសំខាន់ៗ 4 រួមមាន៖ ការជំរុញការតភ្ជាប់ការហោះហើរត្រង់រវាងខេត្តសៀមរាប និងបាហ្កាន ការផ្សព្វផ្សាយរួមគ្នា ការសម្រួលការធ្វើដំណើរ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ក្រោយកិច្ចពិភាក្សា ភាគីកម្ពុជា និងមីយ៉ាន់ម៉ាបានឯកភាពគ្នាដូចតទៅ៖
1 – ជំរុញការបង្កើនជើងហោះហើរពីទីក្រុងឌូបៃនៃសហភាពអ៉ារ៉ាប់អេម៊ីរ៉ាត-យ៉ាំងហ្គោន- ភ្នំពេញ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Fly Emirates និងការជំរុញការតភ្ជាប់ជើងហោះហើរ ពីទីក្រុងយ៉ាំងហ្គោន-សៀមរាបអង្គរ រវាងក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា និងអាកាសចរណ៍កម្ពុជា Cambodia Angkor Air ដែលក្រុមហ៊ុនទាំងពីរនឹងបន្តពិភាក្សាការងារបច្ចេកទេសដើម្បីជំរុញការហោះហើរត្រង់ឱ្យបានឆាប់។
2 – ជំរុញការផ្សព្វផ្សាយរួមគ្នាដើម្បីបន្តរក្សាសមិទ្ធផលដែលភាគីទាំងពីរបានធ្វើរួមគ្នា ដូចជាការបោះពុម្ភប័ណ្ណផ្សព្វផ្សាយគោលដៅទេសចរណ៍សៀមរាបអង្គរ និងបាហ្គាន (ប្រទេសពីរ គោលដៅតែមួយ) ការផ្លាស់ប្តូរទស្សនកិច្ច Farm Trip សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងការសម្តែងវប្បធម៌រួមគ្នា។
3 – ខណៈពេលដែលប្រទេសទាំងពីរមានការលើកលែងទិដ្ឋាការរួចហើយ សម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន ភាគីទាំងពីរនឹងបន្តខិតខំសម្រួលការផ្តល់ទិដ្ឋាការសម្រាប់ទេសចរមកពីប្រទេសទី3ទៀត ដោយផ្តល់ទិដ្ឋាការពេលមកដល់ (Visa-on-arrival និងE-visa)ដើម្បីចូលមកកាន់ប្រទេសទាំងពីរ។
4 – ការជំរុញការផ្លាស់ប្តូរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធរវាងមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ក៏ដូចជាបុគ្គលិកជំនាញមកពីវិស័យឯកជនដើម្បីចែករំលែកបទពិសោធអនុវត្តល្អៗ សំដៅកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍។
សូមកត់សម្គាល់ថា ភាគីទាំងពីរក៏បានស្នើឱ្យមានជំនួបពិភាក្សាការងារថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរឱ្យបានយ៉ាងតិចមួយដងក្នុងមួយឆ្នាំ និងបង្កើតជំនួបពិភាក្សារវាងក្រុមការងារជំនាញ និងផ្នែកឯកជនឱ្យបានច្រើនដងជារៀងរាល់ឆ្នាំ៕