ភាគច្រើន សាច់ភ្លៅមាន់ គឺជាប្រភេទសាច់ដែលមានការពេញនិយមពីសំណាក់អ្នកទទួលទាន ក៏ដូចជាការពេញនិយមពីសំណាក់អ្នកជំនាញផ្នែកដាំស្លយកទៅច្នៃធ្វើជាម្ហូបអាហារជាច្រើនមុខ ដែលក្នុងនោះរួមមានដូចជា អាំងស្ងោរ ចៀន ឆា រំលីង បំពង និងអប់គ្រឿងជាដើម។ ដោយឡែកពេលនេះ ក្រោមការជ្រើសរើសយ៉ាងពិសេសពីសំណាក់មេចុងភៅប្រចាំភោជនីយដ្ឋាន Cowboy ដែលស្ថិតនៅតាមផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ ប្រភេទសាច់មាន់ហ្វីឡេ បានលេចចេញជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់គួរជាទីទាក់ទាញមួយមុខទៀត ក្រោមការរួមផ្សំពីគ្រឿងផ្សំសំខាន់ៗមួយចំនួន ជាពិសេស ម្ទេសក្រៀមក្លិនក្រអូបតែម្ដង។
គ្រឿងផ្សំ
• សាច់ភ្លៅមាន់ហ្វីឡេ
• ម្ទេសដៃនាងក្រៀម
• ខ្ទឹមស ចិញ្ច្រាំ
• ប្រេងខ្យង
• ស្ករស
• អំបិល
• ម្សៅស៊ុបខ្នរ
• ប្រេងម្ទេស
• ប្រេងឆា
វិធីចម្អិន
ត្រូវដាក់ប្រេងឆាកម្ដៅឱ្យក្ដៅល្អ។ រួចយកភ្លៅមាន់ហ្វីឡេកាប់ជាដុំតូចល្មម ហើយច្របល់ជាមួយគ្រឿងផ្សំមួយចំនួនដូចជា ស្ករស ប្រេងខ្យង អំបិល និងម្សៅស៊ុបខ្នរ រួចយកទៅបំពងរួមគ្នាជាមួយម្ទេសក្រៀមឱ្យឆ្អិនល្មមហើយស្រង់ចេញទុកមួយអន្លើ។ ដាក់កម្ដៅឆ្នាំងខ្ទះឱ្យក្ដៅចាក់ប្រេងម្ទេសចូលលាយជាមួយខ្ទឹមស ហើយយកសាច់មាន់ហ្វីឡេដែលបានបំពងនោះ ឆាជាថ្មីម្ដងទៀត ដោយរោយស្ករសបន្ថែមពីលើបន្តិចៗ (រសជាតិផ្អែម ឬប្រៃអា-ស្រ័យតាមចំណូលចិត្ត) ហើយចាក់ប្រេងខ្យងចូលបន្ដិចកូរឱ្យសព្វរហូតឃើញថា ស្ងួតល្មម និងឡើងពណ៌ក្រហមល្អគួរឱ្យចង់ទទួលទានហើយ សឹមលើកចេញពីចង្ក្រាន រួចដួសដាក់ចានជាការស្រេច៕