ប៊ែកឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានចាប់ផ្ដើមអនុវត្តច្បាប់ថ្មី ដោយបានហាមឃាត់ការលក់នាឡិកាដៃឆ្លាតវៃ (Smartwatchs) សម្រាប់កុមារ ដោយបានបញ្ជាក់ថា ការហាមឃាត់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរកឃើញមានសកម្មភាពល្មើសច្បាប់ ជាពិសេសគឺរដ្ឋាភិបាលអាល្លឺម៉ង់ ព្រួយបារម្ភរឿងចារកម្ម។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា នាឡិកាដែលបានហាមឃាត់នោះ គឺជាពពួកនាឡិកាទាំងឡាយណា ដែលមានមុខងារ អាចឲ្យឪពុកម្ដាយតាមដាននូវរាល់សកម្មភាពរបស់កូន ជាពិសេសគឺការសន្ទនា។ និយ័តករទូរគមនាគមន៍អាល្លឺម៉ង់ បានបញ្ជាក់ថា ឪពុកម្ដាយប្រើប្រាស់នាឡិកាទាំងនោះ សម្រាប់តាមដានសកម្មភាពរបស់កូន ប៉ុន្តែអ្វីដែលរដ្ឋាភិបាលព្រួយនោះគឺខ្លាចមានអំពើចារកម្ម និងភេរវកម្ម។
និយ័តករទូរគមនាគមន៍អាល្លឺម៉ង់ បានស្នើសុំដល់អាណាព្យាបាលក្មេងៗទាំងអស់ កុំឲ្យមានការសង្ស័យ និងខឹង ចំពោះចំណាត់ការនេះអី ព្រោះរដ្ឋាភិបាលធ្វើនេះគឺដើម្បីសន្ដិសុខជាតិ។
គួរបញ្ជាក់ផងដែរថា និយតករទូរគមនាគមន៍អាល្លឺម៉ង់ មិនបានបញ្ជាក់អំពីឈ្មោះនាឡិកាដៃឆ្លាតវៃដែលត្រូវបានហាមឃាត់នោះទេ គ្រាន់តែបញ្ជាក់ថា វាគឺជាពពួកនាឡិកាដៃសម្រាប់ក្មេងចាប់ពីអាយុ 5ឆ្នាំ ដល់ 12ឆ្នាំ៕