ភ្នំពេញៈ តារាចម្រៀងហង្សមាសពូកែ និងមានទេព្យកោសល្យរាំជាងច្រៀង កញ្ញា ទេព បូព្រឹក្ស កាលពីថ្ងៃម្សិលមិញទទួលបានងារជាទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧-២០១៨ ជាមួយនឹងតារាចម្រៀងប្រុសកំពូលដែលឈរលើទ្រនំផលិតកម្មសានដេ គឺលោក ខេមរៈ សិរីមន្ត។
នេះបើតាមការបង្ហោះសារដ៏ត្រេកអរចិត្តរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ថា៖«ថ្ងៃនេះនាងខ្ញុំមានកិត្តិយសណាស់ដែលបានទទួលធ្វើជាអគ្គរដ្ឋទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ប្រចាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧-២០១៨»។
កាលពីមុនចូលឆ្នាំថ្មី ដែលកន្លងផុតទៅ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលផុសចេញភាពល្បីព្រោះតែមានក្បាច់រាំដ៏ទាក់ទាញរស់រវើក និងនិយមច្រៀងតែបទបែបកូនកាត់ជាភាសាខ្មែរលាយឡំនឹងភាសាអង់គ្លេស មិនសូវច្បាស់នោះ ក៏បានផ្វើឲ្យរឿងអាស្រូវខ្លួនដែរជាមួយនឹងក្រុមរាំខ្លួន ដោយបាននាំគ្នាស្លៀកពាក់ខ្លី សិចស៊ី រាំលេចគូទនៅក្នុងបរិវេណសាលារៀនសន្ធរម៉ុក ដែលមហាជនបានរិះគន់យ៉ាងខ្លាំងក្លាពីឥទ្ធិពមិនល្អ។ តែក្រោយមកនាងតារាចម្រៀងស្រីយ៉េយ៉េ សម្បូរក្បាច់រាំញ័រញាក់យ៉ាងរស់រវើកប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបាន ក៏បានចេញវីដេអូសុំទោសមហាជនផងដែរ៕