ខណៈការតភ្ជាប់មធ្យោបាយដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងថៃ កាន់តែមានភាពល្អប្រសើរនោះ ការដឹកជញ្ជូនទំនិញចេញ-ចូលរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសទី3 ដោយឆ្លងកាត់ប្រទេសថៃ បែរជាអាចនឹងជួបផលលំបាកខ្លះទៅវិញ ដោយសារតែច្បាប់គយថ្មីរបស់ថៃ ដែលមិនអនុញ្ញាតឱ្យកម្ពុជានាំទំនិញឆ្លងកាត់ប្រទេសថៃឡើយ។
បើទោះបីជាអាជ្ញាធរថៃហាក់នៅយោគយល់ និងផ្តល់ការអនុគ្រោះឱ្យកម្ពុជានាំចេញទំនិញទៅកាន់ប្រទេសទី3 និងនាំចូលទំនិញពីប្រទេសទី3 ដោយឆ្លងកាត់ប្រទេសខ្លួនក៏ដោយ ប៉ុន្តែច្បាប់គយថ្មីរបស់ភាគីថៃ បានក្លាយជារបាំងសម្រាប់កម្ពុជារួចទៅហើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017បានចេញសេចក្តីប្រកាសមួយ ដោយអះអាងថា អាជ្ញាធរថៃ នឹងនៅតែបន្តអនុញ្ញាតឱ្យដឹកទំនិញឆ្លងកាត់តាមផ្លូវគោកពីប្រទេសទី3 ចូលមកកម្ពុជា និងពីកម្ពុជា ទៅកាន់ប្រទេសទី3 រហូតដល់កិច្ចព្រមព្រៀងថ្មីត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ បើទោះបីជាច្បាប់គយថ្មីរបស់ថៃ ដែលនឹងហាមឃាត់មិនឱ្យមានការដឹកជញ្ជូនទំនិញតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃបានចូលជាធរមាន កាលពីថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017 នេះក៏ដោយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ការអនុញ្ញាតនេះ គឺស្របតាមស្មារតីនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើកទី3 ដែលបានប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
កន្លងមកសហគមន៍អ្នកប្រកបអាជីវកម្មនៅប្រទេសកម្ពុជា តែងតែប្រាថ្នាចង់បានការដឹកទំនិញឆ្លងកាត់ប្រទេសថៃទៅកាន់ទីផ្សារពិភពលោក។ អ្នកនាំអង្ករចេញក៏ធ្លាប់បានបង្ហាញពីការស្នើសុំទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីនាំអង្ករចេញទៅកាន់ទីផ្សារខាងក្រៅ ដោយឆ្លងកាត់តាមកំពង់ផែ Laem Chabang នៅក្បែរទីក្រុងបាងកក ផងដែរ។
ឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា ប្រទេសថៃចេញច្បាប់គយថ្មីនេះ ដោយបារម្ភរឿងលក្ខខណ្ឌភូតគាមអនាម័យ រវាងថៃ និងកម្ពុជា។ គេមិនគួរយកបញ្ហានេះមកប្រើជារបាំងនោះទេ ព្រោះវាជាវិធានការទប់ស្កាត់ការរាលដាលឆ្លងសត្វល្អិតចង្រៃ និងជំងឺដំណាំ ខណៈប្រទេសកម្ពុជា និងថៃ មានព្រំដែនគោកជាប់គ្នាយ៉ាងវែង ក្សេត្របរិស្ថានដូចគ្នា ដែលនាំឱ្យសមាសភាពចង្រៃទាំងនោះ មានប្រភេទ (Species) ដូចគ្នា។
ឯកឧត្តមបានបញ្ជាក់ថា៖“កម្ពុជាក៏មានច្បាប់ និងស្តង់ដារតម្រូវរបស់ខ្លួនដែរ ប៉ុន្តែកម្ពុជាមិនដែលដាក់លក្ខខណ្ឌតឹងតែងណាមួយលើការនាំចូលកសិផលពីថៃជាច្រើនប្រភេទទាំងនោះទេ។ កន្លងមកថៃតែងប្រើរបាំងនេះជាមួយកម្ពុជា។ កម្ពុជា និងថៃ ទំនងជាពង្រីកការភ្ជាប់ការដឹកជញ្ជូនកាន់តែប្រសើរនៅឆ្នាំខាងមុខ ដោយសារមធ្យោបាយដឹកជញ្ជូនដ៏មានសក្តានុពល គឺការដឹកជញ្ជូនតាមផ្លូវដែកនឹងត្រូវតភ្ជាប់រវាងប្រទេសទាំងពីរនៅដើមឆ្នាំ2018 ខាងមុខ។
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ប្រទេសថៃនឹងផ្តល់ជំនួយក្បាលរថភ្លើងមួយគ្រឿងដល់ប្រទេសកម្ពុជា សម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែក នៅដើមឆ្នាំ2018 ខាងមុខ ខណៈការតភ្ជាប់ និងការស្តាឡើងវិញនូវផ្លូវរថភ្លើងភាគពាយព្យបានជិតរួចរាល់។
ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា រដ្ឋមន្ត្រីសាធារណការរបស់ប្រទេសថៃ បានសន្យាជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាថា ប្រទេសថៃនឹងផ្តល់ជំនួយក្បាលរថភ្លើង និងតួរថភ្លើងខ្លីសម្រាប់កម្ពុជានៅដើមឆ្នាំ2018។
ឯកឧត្តម បានបញ្ជាក់ថា ពិធីប្រគល់ និងទទួលរថភ្លើងនេះនឹងធ្វើឡើងនៅក្នុងខែមករា ឆ្នាំ2018 ទាំងក្បាលរថភ្លើង និងតួរថភ្លើង ព្រមទាំងធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ច្រកអន្តរជាតិថ្មីសម្រាប់ទំនិញឆ្លងកាត់នៅស្ទឹងបត់ទៀតផង៕