លោក Pep Guardiola បានបញ្ជាក់ថា Manchester City មិនមែនស្ថិតក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន Champions League ឡើយ បើទោះបីជាពួកគេកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះទាំងក្នុងក្របខ័ណ្ឌលីកក្នុងស្រុក និងក្របខ័ណ្ឌអឺរ៉ុបក៏ដោយ។
ក្រុមដែលកំពុងនាំមុខរបស់ក្របខ័ណ្ឌ Premier League មួយនេះ នឹងត្រូវជួបក្រុម Feyenoord នៅរាត្រីថ្ងៃអង្គារនេះ ក្រោយពីមិនស្គាល់ចាញ់សោះពីការប្រកួត18លើកក្នុងរាល់យុទ្ធនាការទាំងអស់ ហើយស្របពេលជាមួយគ្នានេះ អ្នកអង្កេតបាល់ទាត់ជាច្រើន បានចាត់ទុកថា ក្រុម Man City ជាបេក្ខភាពប្រជែងពានដ៏ធំបំផុតរបស់អឺរ៉ុប ដែលពួកគេមិនធ្លាប់ឈ្នះសោះ។ លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុម Napoli និងលោក Claude Puel គ្រូបង្វឹករបស់ក្លិប Leicester City គឺជាអ្នកវិភាគចុងក្រោយគេដែលចាត់ទុកថា Man City គឺជាក្រុមដ៏ខ្លាំងបំផុតមួយនៅអឺរ៉ុប។ ប៉ុន្តែ លោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City នៅតែបន្តច្រានចោលការរំពឹងទុកផ្សេងៗជុំវិញក្រុមរបស់លោក ដែលបានឈ្នះកៅអីទៅកាន់វគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League រួចហើយនោះ។
ទាក់ទងនឹងការកោតសរសើរផ្សេងៗពីសំណាក់គ្រូបង្វឹកនានា លោក Guardiola បានឲ្យដឹងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់គ្រូបង្វឹកទាំងពីរ។ សម្រាប់ Manchester City វាគឺជាក្រុមមួយដែលនៅតែត្រូវការប្រវត្តិសាស្ត្រក្នុងអឺរ៉ុបគឺ វាជាការទទួលជ័យជម្នះដ៏ធំមួយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «នោះមិនមែនមានន័យថា យើងជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន Champions League នោះទេ ប៉ុន្តែវាជារឿងល្អ។ វាមានន័យថា យើងកំពុងតែធ្វើបានយ៉ាងល្អ»។
Man City បានផ្ដួលក្រុម Feyenoord យ៉ាងងាយក្នុងលទ្ធផល 4-0 ក្នុងការប្រកួតកាលពីថ្ងៃបើកឆាកនៃពូលនេះ កាលពីខែកញ្ញា។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Sky Sports