បន្ទាប់ពីភាពហត់នឿយ និងមមាញឹកយ៉ាងវីវក់នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ជាស្ថាពរ ពេលវេលាដែលអ្នកត្រូវគិតដល់សេចក្តីសុខនៃការបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមក៏ឈានចូលមកដល់។ ព្រោះវាជាពេលវេលានៃការចងចាំដ៏ល្អបំផុតសម្រាប់ជីវិតគូរបស់អ្នក ហេតុដូច្នេះអ្នកគួរតែស្វែងរកទីតាំងដែលល្អបំផុតសម្រាប់ដំណើរកម្សាន្តក្រេបចន្ធទឹកឃ្មុំរបស់អ្នក។ វាជាការប្រសើរណាស់បើអ្នកបានរៀបចំ ឬបានដាក់គម្រោងរួចជាស្រេចហើយថានឹងត្រូវធ្វើដំណើរទៅកាន់កន្លែងណាមួយនោះ ប៉ុន្តែបើអ្នកនៅមិនទាន់សម្រេចចិត្តនៅឡើយទេនោះ ឡារ៉ែន សូមណែនាំទីតាំងល្បីៗលំដាប់ថ្នាក់ពិភពលោកមួយចំនួនមកជម្រាបជូនលោកអ្នកដូចតទៅ៖
Hawaii
ស្ថិតនៅលើទឹកដីនៃប្រទេសដ៏សម្បូរបែបស្ទើរគ្រប់យ៉ាង ដែលត្រូវបានចាត់ទុកថាជាទីតាំងដ៏វិសេសវិសាលបំផុតសម្រាប់ពេលវេលាក្រេបទឹកឃ្មុំដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ថ្មោងថ្មី។ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង រួមជាមួយនឹងបរិយាកាសផ្សេងៗគ្នាដូចជា ទស្សនាភ្នំភ្លើង ទស្សនាតំបន់ដាច់ស្រយាល ការកម្សាន្តលើកោះ និងតំបន់ឆ្នេរជាដើម អ្នកពិតជាមិនអាចបដិសេធបានឡើយទៅនឹងពាក្យដែលគេបានល្បីថា Hawaii គឺជាទីតាំងល្បីល្បាញបំផុតជាប់ចំណាត់ថ្នាក់លេខ1ក្នុងនាមជាកន្លែងល្អបំផុតក្នុងការធ្វើដំណើរទៅក្រេបទឹកឃ្មុំ។
Tahiti
កោះដ៏ធំជាងគេនៅក្នុងប្រទេសបារាំង ហើយក៏ជាកោះដ៏ល្បីល្បាញជាប់ចំណាត់ថ្នាក់លេខ2ក្នុងពិភពលោកផងដែរ។ ទីកន្លែងមួយដែលត្រូវបានរចនាឡើងសម្រាប់ការមកកម្សាន្តជាគូនិងសម្រាប់ការក្រេបទឹកឃ្មុំនៃគូស្វាមីភរិយាដែលទើបតែរៀបការរួច។ Tahiti គឺជាចម្លើយសម្រាប់អ្នកដែលកំពុងស្វែងរកទីតាំងសម្រាប់បង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងជីវិត។ ទីនោះមានកោះច្រើនជាង118កន្លែងតំបន់ភ្នំភ្លើងមួយកន្លែង និងកន្លែងល្បីៗជាច្រើនទៀត ដូចជា ការងូតទឹកលេង និងការដើរទស្សនាព្រៃព្រឹក្សា និងឆ្នេរខ្សាច់ពណ៌ខ្មៅដែលជាចំណុចទាក់ទាញបំផុតផងដែរ។ Moorea និង Bora Bora គឺជាទីកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំរបស់អ្នក។
Anguilla
ចាប់តាំងពីកោះមួយនេះត្រូវបានគេរកឃើញនៅក្នុងឈូងសមុទ្រ Caribbean អ្នកពិតជាអាចរំពឹងទុកថានឹងបានឃើញឆ្នេរខ្សាច់សក្បុស រួមជាមួយនឹងទឹកសមុទ្រថ្លាខៀវស្រងាត់ ព្រមទាំងអាកាសធាតុដ៏ល្អបំផុត។ បើរៀបរាប់អំពីភាពស្រស់ស្អាតវាអាចនឹងមានភាពប្រហាក់ប្រហែលគ្នាទៅនឹងទីកន្លែងល្បីៗជាច្រើនទៀត ប៉ុន្តែអ្វីដែលធ្វើឱ្យកោះមួយនេះទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺនោះគឺសម្រស់និងភាពទាក់ទាញនៃវត្តមានរបស់សណ្ឋាគារលំដាប់ពិភពលោករបស់ខ្លួនតែម្តង៕