គ្រាន់តែឃើញរូបភាពនៃមុខម្ហូបមួយចាននេះយើងជឿថា ប្រិយមិត្តអ្នកអានពិតជាចាប់អារម្មណ៍ និងចង់ទទួលទានយ៉ាងប្រាកដ ជាមួយនឹងការនឹកស្រមៃនូវរសជាតិជាក់ជាមិនខាន។ ដោយឡែកសម្រាប់បងៗដែលជាស្ត្រីមេផ្ទះក៏ពិតជាចង់ដឹងថា តើមុខម្ហូបមួយនេះមានរូបមន្ត និងគ្រឿងផ្សំអ្វីខ្លះ ហើយវិធីធ្វើត្រូវបានអនុវត្តដោយរបៀបណា? កុំនៅនឹកស្រមៃ តោះនាំគ្នាំសាកល្បង និងភ្លក្សរសជាតិទាំងអស់គ្នា។
គ្រឿងផ្សំ
• សាច់ភ្លៅមាន់
• គល់ស្លឹកគ្រៃ
• ម្ទេសដៃនាងក្រៀម
• ខ្ទឹមស
• អំបិល
• ស្ករស
• ប្រេងខ្យង
• ប្រេងម្ទេស
• ម្សៅស៊ុបខ្នរ
• ស្លឹកក្រូចសើច
• ប្រេងឆា
វិធីចម្អិន
ជាដំបូងត្រូវយកសាច់មាន់កាប់ជាដុំតូចៗល្មម ហើយយកទៅច្របល់លាយគ្នាជាមួយគ្រឿងផ្សំមួយចំនួនដូចជា អំបិល ស្ករស ប្រេងខ្យង ប្រេងម្ទេស និងម្សៅស៊ុបខ្នរ រួចទុកមួយអន្លើ។ កម្ដៅប្រេងឆាឱ្យក្ដៅល្អ រួចយកគល់ស្លឹកគ្រៃហាន់ជាបន្ទះវែងៗ ទុកមួយអន្លើ។ នៅពេលប្រេងឆាក្ដៅខ្លាំងល្អ យកសាច់មាន់ដាក់បំពងជាមួយគល់ស្លឹកគ្រៃ ម្ទេសក្រៀម ស្លឹកក្រូចសើច (ដាក់ស្លឹកក្រូចសើចក្រោយគេ) រហូតឆ្អិនល្អ ហើយស្រង់ចេញ។ ជាបន្ទាប់យកទៅឆាស្ងួតជាមួយខ្ទឹមស ដើម្បីបន្ថែមក្លិនឆ្ងុយជាការស្រេច។ ឃើញទេ មិនពិបាកធ្វើឡើយ លោកអ្នកក៏អាចធ្វើបានសម្រាប់ទទួលទានក្នុងក្រុមគ្រួសារ ក៏ដូចជាក្នុងឱកាសជួបជុំមិត្តភក្ដិក្នុងពេលឈប់សម្រាកបានដូចគ្នា ប៉ុន្តែបើចង់ដឹងច្បាស់ពីរសជាតិដើមមានភាពអស្ចារ្យដល់កម្រិតណា កុំភ្លេចទៅទទួលទាននៅភោជនីយដ្ឋាន Cowboyដែលមានទីតាំងស្ថិតនៅផ្លូវប៉ាស្ទ័រទាំងអស់គ្នាណ៎ា៕