Skip to content

កម្ពុជា​ត្រូវបាន UN យក​ធ្វើជា​ប្រទេស​គំរូ​នៅ​តំបន់​អាស៊ី​លើ​ការពង្រឹង​វិស័យ​ឧស្សាហកម្ម

ភ្នំពេញ៖ លោក Machele Clara អ្នកជំនាញ​មកពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) បាន​ជ្រើស​យក​ប្រទេស​កម្ពុជា​ធ្វើជា​ប្រទេស​គំរូ​មួយ​នៅក្នុង​តំបន់​អាស៊ី លើ​ការពង្រឹង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ប្រកបដោយ​ចីរភាព។

ការយក​ប្រទេស​កម្ពុជា​ធ្វើជា​គំរូ​នៅក្នុង​ចំណោម​ប្រទេស​នានា​នៅ​អាស៊ី  គឺ​កម្ពុជា​មានការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​ដែល​ធ្វើឡើង​តាមរយៈ​ការពង្រឹង​នូវ​យន្តការ​មួយចំនួន​ដូចជា៖ គណនា​ឱ្យឃើញ​នូវ​តម្លៃ​ខ្សែចង្វាក់​ផលិតកម្ម ជំរុញ​ប្រសិទ្ធភាព​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ការកាត់បន្ថយ​បែបបទ​រដ្ឋបាល​ស្មុគស្មាញ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ការបណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ​និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ជាដើម។

លោក Machele Clara បាន​លើកឡើងថា ការចាត់​ទុកជា​ប្រទេស​គំរូ​នេះ គឺ​កម្ពុជា​ទទួលបាន​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ម្ចាស់ជំនួយ​មួយចំនួន​ជាពិសេស​ពី​ប្រទេស​កូរ៉េ​ក្នុងការ​អនុវត្ត​ភាពជា​ដៃគូ​ដែលមាន​ជំនាញ​ផ្នែក​អភិវឌ្ឍ​ន៏​សួន​ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា«អង្គការ​UNIDOនឹង​ខិតខំ​សហការ​ធ្វើយ៉ាងណា​ជួយ​ពង្រឹងសមត្ថភាព​ស្ថាប័ន ធនធានមនុស្ស ជាពិសេស​សិក្សា និង​កសាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព»។

ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ UNIDO ដែល​សប្តាហ៍​កន្លងទៅនេះ​បានមក​រៀបចំ​សិក្ខាសាលា​មួយ​ស្តីអំពី​ក្របខ័ណ្ឌ​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (PCP) សម្រាប់​ការស្វែងយល់​នូវ​អ្វី​ជា​ឱកាស និង​ភាព​ប្រឈម​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ព្រមទាំង​ប្រសិទ្ធភាព​នៃ​ការទទួល និង​ប្រើប្រាស់​ជំនួយ​អន្តរជាតិ ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​ស្នើឱ្យ​តំណាង​អង្គការ UNIDO គិតគូរ​លើ​ការកសាង​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​សំដៅលើ​ការធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម។ ជាពិសេស​គឺ​ការទាក់ទាញ​ការវិនិយោគ​ឱ្យចំ​គោលដៅ ជា​ប្រភេទ​ឧស្សាហកម្ម​ដែលមាន​ចរិត​ជា យុទ្ធសាស្ត្រ​ដូចជា៖ វិស័យ​អេឡិចត្រូនិក-គ្រឿងយន្ត​ជាដើម…។ ទាក់ទង​នឹង​ជំនួយ​មូលនិធិ​គាំទ្រ​ពី​ភាគី​កូរ៉េ កម្ពុជា​រំពឹង​សង្ឃឹមថានឹង​ទទួលបាន​នូវ​បទពិសោធ​ចំណេះដឹង និង​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ភាគី​កូរ៉េ​ក្នុង​ការចូលរួម​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ទៅ​មុខជា​លំដាប់៕

Leave a Reply

Your email address will not be published. Required fields are marked *