Skip to content

កម្ពុជា គាំទ្រ ក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies ចូលរួមវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសម្ដែងការគាំទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងជានិច្ចចំពោះក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងកិច្ចការពារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅក្នុងនាមជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍនដោយចីរភាព និងសុខដុមភាពបរិស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *