Skip to content

ភ្នំឧដុង្គ ស្រុកពញាឮ ត្រូវបានជ្រើសជាគោដៅសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ

កណ្តាល ៖ តំបន់ភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ដែលស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចជ្រើសរើសយកធ្វើជាគោលដៅសិក្សាសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ លើកដំបូងគេនៅក្នុងខេត្ត សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ និងទេសចរណ៍។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពីគម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ ខេត្តកណ្តាលជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់តាមរយៈការទាក់ទាញភ្ញៀវទេសចរ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និងបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ជាពិសេសបង្កើតឱ្យមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានបញ្ជាក់ថា ៖ ការសិក្សាគម្រោងនេះ មានគោលបំណងរៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។ រក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុកភាព ជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការសិក្សាកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅស្រុកពញាឮ ទទួលបានលទ្ធផលល្អ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសសម្រាប់ថ្ងៃអនាគតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរកទីតាំងសម្រាប់ក្រុង-ស្រុករបស់ខ្លួន ដើម្បីបង្កើតនូវគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅតាមក្រុងស្រុករៀងៗខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *