Skip to content

ជប៉ុន បង្ហាញពីជំនាញ និងបទពិសោធន៍សម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយចិរភាព

ភ្នំពេញ ៖ ជប៉ុន តាមរយៈគណៈប្រតិភូរបស់ខ្លួនមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) បានចែករំលែកនូវបទពិសោធន៍ និងជំនាញប្រកបដោយប្រសិទ្ធភាពជាច្រើនទសវត្សរ៍ក្នុងការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ការបង្ហាញនូវវិធីសាស្ត្រដ៏មានសារសំខាន់នេះត្រូវបានធ្វើឡើងនៅក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

នៅក្នុងកិច្ចប្រជុំនេះ លោក HAMASAKA Takashi ប្រធានការិយាល័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានលើកឡើងពីប្រវត្តិនៃដំណើរឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលបង្កឱ្យមានការបំពុលយ៉ាងខ្លាំង។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនបានអនុវត្តវិធានការច្បាប់ បទប្បញ្ញត្តិ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើតបច្ចេកវិទ្យាគ្រប់គ្រងការបំពុល បន្តលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។
លោកបានចែករំលែកអំពីឧត្តមានុវត្តមួយចំនួនរបស់ជប៉ុន រួមទាំងការបង្កើតអង្គភាពគ្រប់គ្រងការបំពុលសម្រាប់រោងចក្រចាប់តាំងពីឆ្នាំ១៩៧១ ព្រមទាំងសារៈសំខាន់នៃការអនុលោមតាមស្តង់ដានិរន្តរភាពអន្តរជាតិ សម្រាប់ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ឧស្សាហកម្មកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ហែម វណ្ឌី បានបង្ហាញពីអំណរសាទរចំពោះការចែករំលែកនូវវិធីសាស្ត្រដ៏មានសារសំខាន់ និងចាំបាច់ក្នុងការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា និងប្រកបដោយនិរន្តរភាព ជាពិសេស មិនបង្ករឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសុខភាពប្រជាជនទូទៅ ហើយថែមទាំងអាចជួយជំរុញនូវកំណើនសេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀតផង ហើយកម្ពុជា នឹងទទួលយកជំនាញ និងបទពិសោធន៍ទាំងនេះមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព៕

Leave a Reply

Your email address will not be published. Required fields are marked *