Skip to content

នាដើមសប្ដាហ៍នេះ មានក្រុមហ៊ុនចិនថ្មីផ្សេងទៀតជិត ២០ ក្រុមហ៊ុន មកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន

ភ្នំពេញ ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង និងនិងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

បច្ចុប្បន្ននេះ សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន នៃសាធារណរដ្ឋប្រជាមានិតចិន មានសមាជិកសរុបចំនួនប្រមាណ ១ ៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

ដោយឡែក ក្រុមហ៊ុនទាំង១៩ដែលបានមកបំពេញទស្សនកិច្ច និងស្វែងរកឱកាសវិនិយោគខាងលើនេះកំពុងមានសកម្មភាពវិនិយោគក្នុងប្រទេសចិនទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម, សុខាភិបាល, សំណង់និងអចលនទ្រព្យ, បច្ចេកវិទ្យា, ថាមពល, បោះពុម្ពនិងវេចខ្ចប់, ម្ហូបអាហារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការគ្រប់គ្រងធុរកិច្ច, ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់, លក់និងសេវាថែទាំរថយន្ត, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចំណាយពេលវេលាមកទស្សកិច្ចសិក្សាផ្ទាល់នៅកម្ពុជាដើម្បីសិក្សាពីបរិយាកាសវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ រីឯក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងការជំរុញការវិនិយោគ កន្លងមកថ្មីៗនេះ កម្ពុជា និងចិនបានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម។

ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការកត់សម្គាល់ឃើញថាមានក្រុមហ៊ុនចិនធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក ការកែច្នៃជ័រកៅស៊ូ…។ល។

មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

ជាការឆ្លើយតប លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ លោកបានមានប្រសាសន៍ថានាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូដទៃទៀតក៏បានធ្វើការណែនាំពីសាវតាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *