ភ្នំពេញ៖ វាជារឿងធម្មតាដែលនៅពេលមានការផ្គត់ផ្គង់កើនឡើងច្រើន តម្រូវការនៃការប្រើប្រាស់តែងមានការធ្លាក់ចុះ ជាក់ស្តែងរបាយការណ៍សិក្សាថ្មីមួយបានរកឃើញថា កាលពីឆ្នាំកន្លងទៅចំនួនអាផាតមិន (Apartment) ក្នុងរាជធានីភ្នំពេញបានកើនឡើងប្រមាណជា 20% ខណៈដែលតម្រូវការប្រើប្រាស់ធ្លាក់ចុះរហូតដល់ 8%ឯណោះ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបង្ហាញកាលពីពេលថ្មីៗបានរកឃើញថា ការផ្គត់ផ្គង់អាផាតមិននៅលើទីផ្សារបានកើនឡើងប្រមាណជា20ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលជាមួយតម្រូវការប្រើប្រាស់បានធ្លាក់ចុះ8% ដោយសារការផ្គត់ផ្គង់អាផាតមិនកើនឡើងច្រើននៅលើទីផ្សារ។
លោកឧកញ៉ានួន រិទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានមានប្រសាសន៍ទទួលស្គាល់ថា ចំនួននៃការផ្គត់ផ្គង់អគារអាផាតមិនពិតជាមានការកើនឡើង ហើយចំនួនតម្រូវការជួលស្នាក់នៅមានការធ្លាក់ចុះប្រាកដមែន ដែលកន្លងមកការជួលបន្ទប់អាផាតមិន កាលពីឆ្នាំមុនកើនឡើងដល់90% ប៉ុន្តែបច្ចុប្បន្នតម្រូវការបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា 70% ប៉ុណ្ណោះ។
លោកថា អតិថិជនគោលដៅដែលជួលបន្ទប់អាផាតមិនស្នាក់នៅ មានទាំងប្រជាជនខ្មែរ និងបរទេស ហើយសម្រាប់តម្លៃក្រោម1,000ដុល្លារក្នុងមួយខែ ភាគច្រើនគឺក្រុមអ្នកវិនិយោគនៅអាស៊ីស្នាក់នៅកម្ពុជា ចំណែកតម្លៃចាប់ពី1000ដុល្លារឡើងទៅ គឺភាគច្រើនជាអ្នកវិនិយោគ ឬជនបរទេសមកពីអឺរ៉ុប។
ជាមួយគ្នានេះដែរលោក សន សៀប ប្រធានក្រុមហ៊ុន Key Real Estate Co.ltd ក៏បានថ្លែងទទួលស្គាល់ថា ដោយសារការសង់អគារអាផាតមិន មានការប្រកួតប្រជែងគ្នាកាន់តែមានចំនួនច្រើនឡើងៗ បានធ្វើឱ្យការផ្គត់ផ្គង់កើនឡើងខ្លាំងនៅរយៈពេលចុងក្រោយនេះដែលជាការលំបាកក្នុងការស្វែងរកអតិថិជនសម្រាប់ជួលស្នាក់នៅ។ លោកបញ្ជាក់ថា អតិថិជនគោលដៅជួលអគារស្នាក់នៅគឺជាជនបរទេស ចំណែកប្រជាជនខ្មែរមិនទាន់មានទំនោរជួលបន្ទប់អាផាតមិនស្នាក់នៅនោះទេ ភាគច្រើនស្នាក់នៅផ្ទះផ្ទាល់ខ្លួន មិនសុខចិត្តជួលគេទេ និងស៊ូទិញបង់រំលស់ យូរៗទៅនឹងក្លាយជាកម្មសិទ្ធិរបស់ខ្លួន។
គួរបញ្ជាក់ថា ចំនួនអាផាតមិនដាក់ចូលទីផ្សារបានកើនឡើងយ៉ាងខ្លាំង ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំមុន អាផាតមិន និងខុនដូចំនួន 292 គម្រោង និងមានផ្ទះចំនួនប្រមាណ10,000 យូនីតបានដាក់ចូលទៅក្នុងទីផ្សារ៕