
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកអត្ថប្រយោជន៍ និងសក្ដានុពល ជាពិសេសកាត់បន្ថយនូវហានិភ័យពីបច្ចេកវិទ្យាពីបញ្ញាសិប្បនិម្មិតដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។
ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការរវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។


ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ «សិក្ខាសាលាថ្នាក់ជាតិនេះមានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច»។
ដោយសហការជាមួយអង្គការ UN-ESCAP ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បាន និងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ក្រោម «គំនិតផ្តួចផ្តើមសហគមន៍អ្នកអនុវត្តសម្រាប់បញ្ញាសិប្បនិម្មិត» ដោយប្រមូលផ្តុំធាតុចូលសំខាន់ៗពីក្រុមអ្នកបច្ចេកទេស មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន។
សូមជម្រាបដែរថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បាន និងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ខណៈដែលមានការស្រាវជ្រាវជាច្រើនបានបង្ហាញថា បុគ្គលិកកាន់តែច្រើនរំពឹងថា AI នឹងមានផលវិជ្ជមាន ច្រើនជាងផលអវិជ្ជមានលើតួនាទីរបស់ពួកគេ ព្រោះបច្ចេកវិទ្យានេះ ជួយពួកគេបានច្រើន រាប់ចាប់តាំងពីការរៀនជំនាញថ្មី រហូតដល់ការគិតអំពីការងារច្នៃប្រឌិត។ ពាក់កណ្ដាលនៃបុគ្គលិក ដែលប្រើបច្ចេកវិទ្យា AI រំពឹងថា បច្ចេកវិទ្យានេះ នឹងជួយពួកគេឱ្យទទួលបានប្រាក់ខែខ្ពស់ជាងមុន។ បុគ្គលិក ដែលបានចូលរួមស្ទង់មតិបង្ហាញការយល់ឃើញថា AI បានជួយលើកកម្ពស់តម្លៃរបស់ពួកគេ ព្រោះផលិតភាពការងារល្អប្រសើរ និងមានគុណភាព។
ស្រដៀងគ្នានេះដែរ ការសិក្សារបស់ក្រុមហ៊ុន PwC ជំនាញផ្នែកនវានុវត្តន៍បច្ចេកវិទ្យាបានបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) អាចជំរុញការបង្កើតតម្លៃសម្រាប់ស្ថាប័ន បុគ្គលិក និងសេដ្ឋកិច្ច ។ បច្ចុប្បន្ន បច្ចេកវិទ្យានេះ កំពុងជួយបុគ្គលិក និងស្ថាប័ននានា ក្នុងការបង្កើតឱកាសថ្មីៗ និងសម្រេចកិច្ចការឱ្យបានច្រើនជាងមុន។ លើសពីនេះ ការវិវឌ្ឍនេះ មិនធ្វើឱ្យតម្រូវការការងារថយចុះនោះទេ ប៉ុន្តែមនុស្សប្រហែលជាមានតម្រូវការកាន់តែខ្លាំង ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។
ការស្ទង់មតិនាយកប្រតិបត្តិប្រចាំឆ្នាំចុងក្រោយបំផុតរបស់ Pwc បង្ហាញថា CEO ភាគច្រើន (៧០ភាគរយ) រំពឹងថា បញ្ញាសិប្បនិម្មិត (AI) នឹងផ្លាស់ប្ដូររបៀប ដែលក្រុមហ៊ុនរបស់គេបង្កើតតម្លៃ។ ទន្ទឹមនឹងនេះ ៨២ភាគរយ និយាយថា បញ្ញាសិប្បនិម្មិត (AI) បានកើនឡើង ឬមិនបានធ្វើឱ្យផ្លាស់ប្ដូរចំនួនបុគ្គលិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ៕




