Skip to content

ដំណឹងល្អ ! នៅសល់តែជាង១០០ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងចាប់ដំណើរការហោះហើរជាផ្លូវការ

ភ្នំពេញ ៖ ជាមោទនភាពរបស់កម្ពុជា ក្រោការផ្តួចផ្តើម និងប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ សុខសន្តិភាព និងភាពរីកចម្រើននៃខឿនសេដ្ឋកិច្ចយ៉ាងត្រចះត្រចង់ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានស្ដង់ដារលំដាប់ពិភពលោក នឹងចាប់ដំណើរការហើរជាផ្លូវការ បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទីមួយនាអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលការហោះហើរសាកល្បងត្រូវបានធ្វើឡើងរួចហើយកាលពីអំឡុងឆ្នាំ២០២៤។

គិតត្រឹមដើមសប្ដាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ និសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រចបានប្រមាណ ៩៦ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការហោះហើរជាផ្លូវការលើកដំបូងនាអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ពោល គឺនៅសល់ពេលប្រមាណជាង១០០ថ្ងៃទៀតតែប៉ុណ្ណោះ។

អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិយាកាសងាយស្រួលដល់ភ្ញៀវទេសចរ អ្នកវិនិយោគ និងការដឹកជញ្ជូនទំនិញ ខណៈវឌ្ឍនភាពការសាងសង់រហូតដល់ពេលនេះសម្រេចបានជាង ៩៦ ភាគរយ និងបានចំណាយប្រាក់អស់ជាង ១,៣ ពាន់លានដុល្លារ មានទីតាំងភូមិសាស្ត្រស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដោយមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញអាកាសយានដ្ឋាននេះសាងសង់លើផ្ទៃដី ២ ៦០០ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC។ អាកាសយានដ្ឋានថ្មីនេះ(លំដាប់ 4F) អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។

តាមផែនការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមាន ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ ក្រុមហ៊ុនសាងសង់ផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រសម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥ លាននាក់ក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។

ចំណែកដំណាក់កាលទី ២ ក្រុមហ៊ុននឹងពង្រីកសាងសង់ផ្លូវរត់ចំនួន ២ ស្របគ្នាដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០៥០ និងដំណាក់កាលទី ៣ ចាប់ពីឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី ៣ ដើម្បីទទួលអ្នកដំណើរឱ្យបាន ៤៥ លាននាក់ក្នុង ១ ឆ្នាំ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ឱ្យដឹងថា កំណើនជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ ២០២៤កន្លងទៅ ធៀបនឹងឆ្នាំ២០២៣ គឺស្ថិតនៅចន្លោះពី ១០-២០ ភាគរយ។

ឯកឧត្តមបានបន្ថែមថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជានឹងកាន់តែប្រសើរនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់បើកដំណើរការ ពីព្រោះអាកាសយានដ្ឋាននេះមានភាពទំនើបទាន់សម័យ និងអាចទទួលការចុះចតបាននូវប្រភេទយន្តហោះធំៗ ព្រមទាំងមានស្ថានីយដឹកជញ្ជូនអ្នកដំណើរ និងឃ្លាំងស្តុកទំនិញដែលមានលក្ខណៈស្តង់ដារអន្តរជាតិទៀតផង។

លោកបានថ្លែងថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាមេដែកក្នុងការឆក់យកនូវអ្វីដែលវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាមិនទាន់មានពីមុនឱ្យចូលមកកម្ពុជាបានកាន់តែច្រើន ៕

Leave a Reply

Your email address will not be published. Required fields are marked *