
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។
ពិធីដាក់ឱ្យដំណើរការដំណាក់កាលទី២នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក Larry Wang, អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UPI និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់តាមកាត Bank of China Credit Card (International) Ltd. តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបប្រមាណ ២៤៥ នាក់។

តាមរយៈការដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី២នេះ ប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀតតាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay និង QR របស់ក្រុមហ៊ុន WeChat Pay។ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្មជំរុញវិស័យទេសចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។ ការណ៍នេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរឱ្យដឹងថា៖ កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង UnionPay International លើការអភិវឌ្ឍទូទាត់ឆ្លងដែនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ចាប់តាំងពីការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកួតដំណាក់កាលទី ១ ៖ UnionPay ស្តេន KHOR Codes កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។ ការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២៖ បាគងស្តេន UnionPay នេះ ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្តាប្រទេស ផ្សេងទៀត តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International”។
លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បានលើកឡើងថា ៖ «ពួកយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ ដែលបានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងសម្រាប់ការទូទាត់ឆ្លងដែនក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ២ នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាមឃ្យូអរកូតនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសជាដៃគូផ្សេងទៀតបានយ៉ាងរលូន ដែលនឹងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាផងដែរ»។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ «ដើម្បីគាំទ្រដល់ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន ” ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមរយៈឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀតដែលជាដៃគូ។ កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័សនៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ»៕




