Skip to content

វឌ្ឍនភាព ! ស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ក្នុងខែមីនា ខាងមុខនេះ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ ឬស្ពានអាកាសក្បាលថ្នល់ តម្លៃ ៣៦លានដុល្លារ សម្រេចបានវឌ្ឍនភាព ៩៩ភាគរយហើយ ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

វត្តមានស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកើតមាន។

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីតភ្ជាប់ស្ពានអាកាសជាន់ទី១ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

ការដ្ឋានសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២នេះ បានបញ្ចប់ការសាងសង់មុនផែនការកំណត់ ពោលគឺនៅត្រឹមថ្ងៃទី២០ មីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់ថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។ លើសពីនេះ ស្ពានអាកាសនេះនឹងជួយដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។ សូមជម្រាបជូនថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងការសាងសង់ រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ពានអាកាសមរតកតេជោ និងស្ពានអាកាសភ្លោះ៕

Leave a Reply

Your email address will not be published. Required fields are marked *