ការចាយវាយរបស់កូនៗជារឿងដែលអាណាព្យាបាលកំពុងបារម្ភ ហើយមានពេលខ្លះក៏ចំណាយពេលវេលាច្រើនដើម្បីស្វែងរកការប្រឹក្សាយោបល់ ឬដើម្បីស្វែងរកវិធីសាស្ត្រក្នុងការគ្រប់គ្រងការចាយវាយរបស់ពួកគេ ខណៈអ្នកខ្លះទៀតចង់ឱ្យកូនយល់ពីការលំបាករបស់ខ្លួនដែលខិតខំប្រឹងប្រែងខ្លាំងដើម្បីរកលុយ តែកូនចាយវាយច្រើនដោយមិនសូវខ្វល់ជាដើម។
ជាទូទៅ គេរកឃើញថា បញ្ហាទាំងអស់នេះកើតចេញពីកូនៗទាំងអស់នោះមិនមានទម្លាប់ក្នុងការសន្សំប្រាក់ ឬមិនយល់ពីការរៀបចំផែនការនៅពេលដែលពួកគេមានវ័យក្មេង ហេតុនេះទើបឡារ៉ែន បានដកស្រង់នូវចំណុចសំខាន់ៗមួយចំនួនពីការស្រាវជ្រាវរបស់ស្ថាប័នមួយចំនួនមកជម្រាបជូនពីហេតុផលក្នុងការជំរុញក្មេងតូចឱ្យសិក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីវ័យក្មេង។
1.ក្មេងអាយុ 5ឆ្នាំជាវ័យល្អបំផុតសម្រាប់ការរៀនសន្សំ
តាមការស្រាវជ្រាវរបស់ស្ថាប័ន Customer Financial Protection Bureau (CFPB) បានបង្ហាញថា ក្មេងអាចអភិវឌ្ឍសមត្ថភាពក្នុងការសន្សំប្រាក់ចាប់ពីអាយុ 5ឆ្នាំឡើងទៅ ហេតុនេះអាណាព្យាបាលគួរបណ្តុះគំនិតនៃការសន្សំដោយការផ្តល់ឱ្យនូវកូនជ្រូកសន្សំលុយ (Piggy Bank) ឬគណនេយ្យសន្សំដែលផ្តល់ឱកាសឱ្យពួកគេចេះសន្សំប្រាក់ដោយខ្លួនឯង។ ជាការកត់សម្គាល់ នៅពេលដែលក្មេងតូចម្នាក់មានទម្លាប់សន្សំប្រាក់ គាត់បានស្គាល់នូវរសជាតិនៃការគ្រប់គ្រងលុយកាក់ ហើយគាត់អាចនឹងក្លាយជាមនុស្សម្នាក់ដែលចេះគ្រប់គ្រងលុយកាក់បានល្អ ឬមានគម្រោងក្នុងការបង្កើតលុយថែមទៀតផងនៅពេលដែលពួកគេចូលដល់វ័យកណ្តាល។ ការដែលកុមារចម្រើនវ័យជាមួយនឹងលុយសន្សំដែលគាត់មានស្រាប់ គាត់អាចនឹងមានអ្វីគ្រប់យ៉ាងដែលគាត់ចង់បានសម្រាប់ផ្គត់ផ្គង់ដល់ការសិក្សារបស់គាត់ ហើយការចាយវាយរបស់គាត់ក៏នឹងហ្មត់ចត់ត្រឹមត្រូវ ហើយចំគោលដៅល្អ ព្រោះគាត់យល់ច្បាស់ពីតម្លៃនៃពេលវេលា និងលុយដែលគាត់ខំសន្សំតាំងពីតូចមកនោះ។
2.ក្មេងអាចចង់បានដំបូន្មានច្រើនជាងលុយកាក់នៅពេលដែលគេចូលចិត្តសន្សំប្រាក់
អាណាព្យាបាលជាច្រើនប្រហែលជាផ្តល់រង្វាន់ដល់កូនជាលុយកាក់ ឬជារបស់របរដែលចំណាយលុយទិញ។ របស់ទាំងអស់នេះអាចជួយឱ្យកូនសប្បាយចិត្ត តែពេលខ្លះមិនប្រាកដថា អាចជួយគេបានច្រើននោះទេ តែពេលខ្លះអាណាព្យាបាលអាចចំណាយលុយតិច តែបានផលច្រើនចំពោះការផ្តល់មេរៀនល្អៗដល់ក្មេង។ នៅពេលដែលក្មេងយល់ពីតម្លៃនៃការគ្រប់គ្រងហិរញ្ញវត្ថុ ឬការសន្សំផ្ទាល់ខ្លួន អាណាព្យាបាលអាចផ្តល់ឱ្យពួកគេនូវថវិកាមួយចំនួន ជាមួយនឹងវិធីសាស្ត្រឆ្លាតវៃមួយចំនួនក្នុងការសន្សំប្រាក់ដែលពួកគេមិនធ្លាប់ដឹងពីមុនមក។ ការធ្វើបែបនេះ អាចជារង្វាន់យ៉ាងល្អដែលក្មេងអាចចេះទាំងទ្រឹស្តី និងការអភិវឌ្ឍប្រកបដោយភាពរីករាយ ព្រោះថា នៅពេលដែលយើងផ្តល់ឱ្យគាត់នូវលុយសន្សំ បង្ហាញវិធីក្នុងការសន្សំប្រកបដោយភាពឆ្លាតវៃ ហើយទុកឱ្យគាត់ជាអ្នកអនុវត្តដោយខ្លួនឯង ហើយទទួលបានលទ្ធផលនោះ គាត់នឹងរីករាយក្នុងការសន្សំនោះដោយជក់ចិត្ត។ ការដែលទុកឱកាសក្នុងការសម្រេចចិត្តខ្លះដល់ក្មេងតូចៗ និងឱ្យគាត់ដឹងពីចំនួនលុយច្បាស់លាស់របស់គាត់ផ្ទាល់ផង អាចធ្វើឱ្យគាត់កាន់តែមានចំណង់កាន់តែខ្លាំងក្នុងការសន្សំប្រាក់នេះ។
3.អាណាព្យាបាលនឹងលែងសូវបារម្ភពីការចាយវាយរបស់កូននៅវ័យជំទង់ បើគេចេះសន្សំប្រាក់ពីតូច
អាណាព្យាបាលជាច្រើនតែងតែបារម្ភពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់កូន ឬចូលខ្លួនទៅជ្រៀតជ្រែកលើការសម្រេចចិត្តនានាពាក់ព័ន្ធនឹងលុយកាក់របស់កូន។ ការធ្វើបែបនេះគឺអាចធ្វើឱ្យគាត់ទុកចិត្ត តែគាត់នឹងបាត់បង់ឱកាសក្នុងការផ្តល់ឱ្យកូននូវភាពចាស់ទុំពិតប្រាកដផ្នែកហិរញ្ញវត្ថុ ហេតុនេះការដែលតាមដាន និងឃ្លាំមើលក្មេងពីតូច អាចធ្វើឱ្យអាណាព្យាបាលមិនសូវបារម្ភពីការចាយវាយរបស់កូន។
ក្មេងៗដែលមានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុជាមនុស្សដែលចង់បានឱកាសច្រើនក្នុងការសម្រេចចិត្តចាយវាយ ព្រោះពួកគេជឿលើសមត្ថភាពរបស់ខ្លួន និងមានភាពប្រយ័ត្នប្រយែងខ្ពស់ដែលអាចធ្វើឱ្យឪពុកម្តាយមានការទុកចិត្ត។ គាត់អាចនឹងសួរច្រើនទៅកាន់ឪពុកម្តាយ ឬសុំការពិភាក្សាមុនពេលចាយវាយលើរបស់ដែលមានតម្លៃ ដោយមិនចាំបាច់ឱ្យអាណាព្យាបាលបារម្ភនោះទេ៕