ភ្នំពេញ – កម្ពុជាកំពុងមានការព្រួយបារម្ភ និងយកចិត្ដទុកដាក់ចំពោះការកើនឡើងនៃកម្ដៅផែនដី កម្ពុជាបានបង្ហាញពីជំហរ និងឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុ ខណៈលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបញ្ជាក់ថា ទឹកជំនន់ ខ្យល់ព្យុះ និងអគ្គិភ័យ បានកើតឡើងជាញឹកញាប់ និងកាន់តែសាហាវដែលកំពុងវាយប្រហារពិភពលោក។
ការលើកឡើងបែបនេះធ្វើឡើងនៅពេលឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងប្រតិភូនៃវិស័យបរិស្ថានកម្ពុជា បានដឹកនាំគណៈប្រតិភូវិស័យបរិស្ថានចូលរួមក្នុងសន្និសីទសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី23 (COP23) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី6 ដល់17 ខែវិច្ឆិកា ឆ្នាំ2017កន្លងមក នៅទីក្រុងបោន សាធារណរដ្ឋអាល្លឺម៉ង់។
ឯកឧត្ដម ឃុត ចាន់ដារ៉ា បានបញ្ជាក់ពីជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងបានដាក់ជូននូវផែនការជាតិរួមចំណែកអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC)។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ផ្តល់នូវការគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីសម្រេចទិសដៅផែនការរបស់ខ្លួនដែលនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបាន 27%ត្រឹមឆ្នាំ 2030 នឹងសន្យាបង្កើនចំនួនព្រៃឈើនៅក្នុងប្រទេសឲ្យបានចន្លោះពី 47 ទៅ 60 ភាគរយ។
ក្នុងនោះកម្ពុជាបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
(1) ការកសាងសមត្ថភាពស្ថាប័ន
(2) ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា
(3) ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍
(4) ការកៀរគរធនធាន
(5) ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល
(6) ការអភិរក្សព្រៃឈើ
(7) ការអនុវត្តគម្រោងនានាសំដៅកសាងភាពធន់របស់សហគមន៍ និងរបរចិញ្ចឹមជីវិតដែលមាននិរន្តរភាព។
វិធានការនេះនឹងចូលរួមចំណែកធានាឱ្យបានលើការអភិវឌ្ឍដោយចីរភាព ផ្តោតលើការធានាសន្តិសុខថាមពល ទឹក និងស្បៀងអាហារ ការកែលម្អសុខភាព ការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា ការទទួលបាននូវធនធានហិរញ្ញវត្ថុ និងការកាត់បន្ថយភាពក្រីក្រ និងរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕