ភ្នំពេញ ៖ ក្នុងគោលបំណងប្ចៀសបញ្ហាបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យដាក់បញ្ចូលបញ្ហាសារធាតុអាបេស្តូសនៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដូច្នេះយើងត្រូវមានគោលនយោបាយគ្រប់គ្រាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាបេស្តូសនេះដើម្បីជៀសវាងការបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដែលយើងចាប់ផ្ដើមបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសំណង់ ហើយជាពេលវេលាដែលយើងត្រូវសម្រេចចិត្តដោយខ្លួនឯងក្នុងការកំណត់ជោគវាសនាអនាគតរបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់ថា សារធាតុអាបេស្តូសគឺជាប្រភេទគ្រឿងបង្គុំសំណង់មួយដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមករហូតមកដល់បច្ចុប្បន្នដោយសារតែយើងមិនបានដឹងអំពីហានិភ័យនៃការប្រើប្រាស់សារធាតុនេះ។
ឯកឧត្តមបន្ថែមថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឲ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់។ ជាក់ស្តែង ថ្ងៃនេះតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ក្រសួងបានលើកយកប្រធានបទសារធាតុអាសបេស្តុស (Asbestos) នេះ មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់ តែច្បាស់អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់សារធាតុនេះដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៊ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើងនិងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។
តាមរយៈការសិក្សា អាសបេស្តូស (Asbestos) មានប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះជ្រៀក រុះរើ ការពុកផុយ។ យើងបានមើលឃើញថាបណ្តាប្រទេសជាច្រើនបានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុ នេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សឹង្ហបុរី ជាដើម ក្នុងនោះ ក៏នៅមានបណ្តាប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយប្រើប្រាស់យន្តការ បទប្បញ្ញត្តិ និងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិក្សាដកយកបទពិសោធន៍បាន ។ ដូច្នេះ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានា ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់អោយបានល្អិតល្អន់ ដើម្បីផ្តល់ជម្រើសជូនប្រជាជនកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឫក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្តប្រើប្រាស់ ស្របតាមបទដ្ឋានគ្រប់គ្រង ប្រកប ដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បីជាឧត្តមប្រយោជន៍ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗរូប ៕