នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មាន Daily Mail បានចេញផ្សាយឱ្យដឹងថា ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង BTS ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី AMAs (American Music Awards) ដែលខណៈពេលបង្ហាញវត្តមានរបស់ពួកគេនៅក្នុងពិភពសិល្បៈហូលីវូដនោះ ពួកគេបានធ្វើឱ្យកម្មវិធីទាំងមូលមានភាពភ្ញាក់ផ្អើល និងកក្រើកជាខ្លាំងចំពោះការរចនាម៉ូដសម្លៀកបំពាក់ និងពណ៌សក់ចម្រុះគ្នាតែម្ដង។
ក្រុមតារាចម្រៀងប្រុសខាងលើនេះបានធ្វើឱ្យការចូលរួមជាលើកដំបូងរបស់ពួកគេ ក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក ព្រមទាំងបានសម្ដែងនូវបទចម្រៀងល្បីរបស់ពួកគេគឺបទ DNA។ បើតាមរយៈទស្សនាវដ្តី Vogue ក៏បានឱ្យដឹងផងដែរថា ឈុតសម្លៀកបំពាក់ដែលក្រុមចម្រៀងប្រុសមួយនេះបានលើកយកមកបង្ហាញនៅក្នុងកម្មវិធីខាងលើនោះ ត្រូវបានរចនាម៉ូដដោយលោក Anthony Vaccarello ដែលជាអ្នកជំនាញរចនាម៉ូដសម្លៀកបំពាក់ឈុតខ្មៅ បែបរ៉ុក ប្រចាំប្រ៊េនដ៍ល្បី Saint Laurent។
សូមជម្រាបបន្ថែមថា ក្រុមចម្រៀង BTS បានចូលប្រឡូកនៅក្នុងសិល្បៈចម្រៀង Kpop នៅអំឡុងឆ្នាំ2013 ហើយទទួលបានប្រជាប្រិយភាព និងភាពជោគជ័យជាខ្លាំងរហូតមកដល់បច្ចុប្បន្ននេះផងដែរ៕