ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកដំណើរឆ្លងកាត់ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅក្នុងការប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនេះ ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធីនៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕