ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខៈ ០០១ សហវ,សជណ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបានឱ្យដឹងទៀតថា តាមរយៈការសម្រេចនេះ ធុរជន និងវិនិយោគិន ដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ រួមមាន ១. គម្រោងវិនិយោគ ឬធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង ២. គម្រោងវិនិយោគ ឬធុរកិច្ចដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង៣. ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវអត្ថប្រយោជន៍ពិសេស ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ។
ផ្អែកតាមការនេះដែរ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន និងបន្តភារកិច្ចដឹកនាំ សម្របសម្រួល និង អនុវត្តកម្មវិធីនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ។ ក្នុងន័យនេះ ធុរជន វិនិយោគិន ដែលមានបំណងទទួលបាននូវអត្ថប្រយោជន៍ពិសេស អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និងផ្ដល់ការអនុម័ត នៅការិយាល័យក្រុមការងារដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទដែលមានតេលេក្រាម ០១២ ៩០២ ២០០ / ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕