(កែប)៖ អាណាចក្រផ្កាថ្ម គឺជាតំបន់កម្សាន្តនាតំបន់ឆ្នេរកែច្នៃដ្មីមួយនៅក្នុងខេត្តកែប ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន ក្នុងគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ និងបានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តកែបមានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេសអាចចាត់ទុកខេត្តកែបជាផ្ទះរបស់ខ្លួនផងដែរ។
លោក Jeff Moons ម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានឱ្យដឹងថា អាណាចក្រផ្កាថ្ម មានកម្ពស់ ៥,៧ ម៉ែត្ររចនាឡើងពីថ្មភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃបរិស្ថានឆ្នេរសមុទ្រដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការអភិរក្ស។ ស្នាដៃសិល្បៈនេះរំលេចឱ្យឃើញពីការទទួលខុសត្រូវក្នុងកិច្ចការពារធនធានសមុទ្រ ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់ខេត្តកែបសម្រាប់មនុស្សជំនាន់ក្រោយ។ លោកសង្ឃឹមថា អាណាចក្រផ្កាថ្មនឹងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជានិងមកពីក្រៅប្រទេសផងដែរ។ អាណាចក្រផ្កាថ្ម នេះមិនគ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ តែជាការកែលម្អសម្រាប់គាំទ្រដល់ជីវៈចម្រុះនៅបាតសមុទ្រ និងការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់ខេត្តកែបឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គណៈកម្មការឆ្នេរបានកំណត់ថា តំបន់ឆ្នេរសមុទ្រកម្ពុជាគឺជារបៀងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះត្រូវរួមគ្នារៀបចំឱ្យស្របតាមសក្តានុពលនៃតំបន់នីមួយៗដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ស្ថាបត្យករដែលមានទេពកោសល្យសិល្បៈក្នុងការរៀបចំកែច្នៃ និងសាងសង់អាណាចក្រផ្កាថ្មឱ្យលេចចេញជារូបរាងឡើងដ៏គួរឱ្យទាក់ទាញ ដែលអាចធ្វើឱ្យខេត្តកែបក្លាយជាសហគមន៍ប្រជាជាតិចម្រុះជាតិសាសន៍មកស្នាក់នៅលំហែកម្សាន្ត និងអាចចាត់ទុកទីនេះថាជាផ្ទះរបស់ខ្លួនបាន ដែលនេះជាប្រការល្អមួយសម្រាប់កម្ពុជា ហើយនេះគឺជាផ្លែផ្កានៃសន្តិភាព។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានយល់ឃើញដែរថា សង្គមដែលស្រឡាញ់សិល្បៈគឺជាសង្គមរីកចម្រើន ហើយឯកឧត្តមចង់ឃើញកម្ពុជាសំបូរទៅដោយស្ថាបត្យករដែលមានទេពកោសល្យសិល្បៈបែបនេះក្នុងការកែច្នៃ ការសាងសង់អគារ ដែលមិនត្រឹមតែមានគុណភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសោភ័ណភាពល្អប្រណីតផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថាបនិកអាណាចក្រផ្កាថ្មដែលបានចូលរួមកសាងសង្គមជាតិថ្មីរបស់កម្ពុជា ដែលនេះពិតជាបានបង្ហាញនូវគុណធម៌ចំពោះវីរភាពរបស់អ្នកជំនាន់មុនដែលបានខិតខំប្រឹងប្រែងនាំយកសន្តិភាពមកឱ្យកម្ពុជា៕