ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនអន្តរជាតិ VISA

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ VISA ក្រោមអធិបតី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនានាគារជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា គឺដើម្បីរួមចំណែកពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ជាឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិ និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីប្រតិបត្តិការទូទៅតាមបែបឌីជីថលបន្ទាប់ពីទាញយកកម្មវិធីទូទាត់បាគងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរស័ព្ទដៃ បន្ទាប់មកភ្ជាប់ជាមួយប័ណ្ណទូទាត់វីសាដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។

ការភ្ជាប់កម្មវិធីទូទាត់បាគងទេសចរជាមួយមុខងារ VISA card connection នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់មួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចបញ្ចូលទឹកប្រាក់ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម តាមបែបឌីជីថលបានកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសរអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្តេន ខេអេច ឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤.៥ លានកន្លែង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះអាចសម្រេចទៅបានដោយយាមានការចូលរួមធ្វើសន្ធានកម្មពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

លោក ឌិត សុចល ប្រធាននាយយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានលើកឡើងថា៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្មវិធីទូទាត់បាគងទេសចររបស់ធនាគារជាតិនៃកម្ពុជា និងប័ណ្ណទូទាត់វីសា ភ្ញៀវទេសចរអន្តរជាតិដែលមានប័ណ្ណទូទាត់វីសារអាចធ្វើប្រតិបត្តិការទូទាត់ងាយស្រួលនៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរដើម្បីស្កេនទូទាត់តាមរយៈខេអេចឃ្យូអរកូត។ នេះគឺជាជម្រើសថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុដោយមិនចាំបាច់ប្រើក្រដាសប្រាក់ ជាពិសេស ក្រដាសប្រាក់ចាស់ ទក់រហែក និងដើម្បីលើកតម្កើងការប្រើប្រាស់រូបិយវត្ថុជាតិយើង គឺប្រាក់រៀល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ”។

លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានមានប្រសាសន៍ថា៖ នេះគឺជាសមិទ្ធផលសំខាន់មួយរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា ហើយរំពឹងទុកថានឹងមានសមិទ្ធផលជាច្រើនបន្តទៀត ស្របពេលដែលក្រុមហ៊ុនក៏កំពុងជំរុញការទូទាត់ជាឌីជីថលនៅកម្ពុជា។ កាលពីឆ្នាំមុន ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់កំណើនភ្ញៀវទេសចរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា ក្នុងការរួមចំណែកពង្រឹងចំណេះដឹងឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា មានសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីមួយនេះ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ ធនាគារជាតិនៃកម្ពុជា យល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍទៅមុខឥតឈប់ឈរនៅក្នុងទិដ្ឋភាពនៃការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ហេតុនេះហើយ ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយផ្តោតសំខាន់លើការធ្វើអន្តរប្រតិបត្តិការ និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ធុរជន និងភ្ញៀវទេសចរដែលអ្នកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

លោកជំទាវបានបន្តថា តាមរយៈការធ្វើសមាហរណកម្មជាមួយនឹងប័ណ្ណទូទាត់វីសា អ្នកប្រើប្រាស់អាចភ្ជាប់ប័ណ្ណទូទាត់វីសាដែលមានស្រាប់របស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដោយមិនប្រើសាច់ប្រាក់បានកាន់តែងាយស្រួលតាមរយៈការស្កេនខេអេចយ្យូអរកូត។
មុខងារនេះ នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយតម្រូវការសាច់ប្រាក់ ជារួមពង្រឹងបទពិសោធន៍ក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណទូទាត់អន្តរជាតិ វីសា នេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នសង្គម។ ការណ៍នេះ សរបញ្ជាក់អំពីជំហររបស់ប្រទេសកម្ពុជាក្នុងនាមជាជាតិសាសន៍ដែលមានការគិតឆ្ពោះទៅមុខ ស្របពេលដែលផ្តល់ឱ្យភ្ញៀវទេសចរអន្តរជាតិនូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕

Leave a Comment