Skip to content

អ្នកឯកទេស​អង់គ្លេស នឹង​រៀបចំ​បណ្តុះបណ្តាល​ជំនាញ​ដល់ក​ម្មករ​នៅ​កម្ពុជា

ភ្នំពេញ៖ លោក Jonathan Ledger ជា​អ្នកឯកទេស​ខាង​កិច្ច​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​សន្យាថា លោក​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នៅ​កម្ពុជា​ដើម្បីឱ្យ​សាធារណជន ពិសេស​កម្មករ-កម្មការិនី​បាន​សិក្សា​ជំនាញ​ពួកគេ​បន្ថែម​ឱ្យ​កាន់តែ​ប្រសើរ។

ការសន្យា​ធ្វើឡើង​នៅពេលដែល​លោក Jonathan Ledger បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង កាលពី​ថ្ងៃទី17 ខែវិច្ឆិកា ម្សិលមិញ​នេះ។

គោលបំណង​នៃ​ជំនួប​នេះ​គឺ ដើម្បី​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅ​កម្ពុជា ទន្ទឹមនឹងនេះ​ភាគី​អង់គ្លេស​ក៏មាន​បំណង​ចង់​ចែករំលែក​បទពិសោធ​ពាក់ព័ន្ធ និង​ប្រព័ន្ធ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​ដ៏​ល្អ​នៅ​អង់គ្លេស និង​សមត្ថភាព​ក្នុង​វិស័យនេះ។

ក្នុងការ​ពិភាក្សា​ខាងលើ​លោក Jonathan Ledger បាន​សន្យាថា នឹង​បន្ត​ការខិតខំ​បង្កើតឱ្យមាន​ជា​គម្រោង​កិច្ច​សហប្រតិបត្តិ​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ TVET នេះ ហើយ​បានទទួល​ការគាំទ្រ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​រួចហើយ។ ជា​ជំហាន​ដំបូង លោក​នឹង​រៀបចំ​ឱ្យមាន​ជា​ទស្សនកិច្ច​សិក្សា​ជូន​មន្ត្រី​បច្ចេកទេស​កម្ពុជា​ទៅកាន់​ទីក្រុង​ឡុង​ដ៏ ដើម្បី​សិក្សា​ស្វែងយល់​ជាក់ស្តែង សម្រាប់​ជា​មួលដ្ឋាន​យកមក​អភិវឌ្ឍ​វិស័យនេះ​នៅ​កម្ពុជា។

ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Jonathan Ledger ដែល​បាន​ចាប់អារម្មណ៍​ក្នុង​ការជួយ​ដល់​កម្ពុជា​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ TVET នេះ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតបបាន​ទៅនឹង​ការវិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ការវិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បទពិសោធ​របស់​ប្រទេស​អង់គ្លេស​ដែល​បាន​បង្កើតឱ្យមាន​ប្រព័ន្ធ TVET តាំងពី​ឆ្នាំ1632 ដោយ​ចាត់ទុកថា គុណភាព​លំដាប់​ពិភពលោក​ដែល​តាមរយៈ​ប្រព័ន្ធ​នេះ​បានធ្វើឱ្យ​សមត្ថភាព​កម្លាំង​ពលកម្ម​របស់​អង់គ្លេស​មាន​ជំនាញ​ខ្ពស់​ចូលរួម​អភិវឌ្ឍ​ប្រទេស​អង់គ្លេស​ឱ្យក្លាយ​ទៅជា​ប្រទេស​អភិវឌ្ឍន៍​បាន​យ៉ាង​ឆាប់រហ័ស។

គួរ​បញ្ជាក់ថា ភាគី​ទាំង​ពីរបាន​មើលឃើញ​ពី​សារៈសំខាន់​ក្នុង​ការបើក​ច្រក​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ចែករំលែក​បទពិសោធ​បង្កើត​ភាពជា​ដៃគូ ដែលមាន​សាកលវិទ្យាល័យ វិទ្យាស្ថាន និង​អង្គការ​របស់​រដ្ឋាភិបាល​អង់គ្លេស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ក្នុងការ​ផ្តល់​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *