(ហ៊ីមេជី, ជប៉ុន) ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ជាមួយបណ្តាប្រទេសនានាលើពិភពលោកសរុបប្រមាណ ១៦០ប្រទេស។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥។
កិច្ចប្រជុំ IPM 2025 នេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ ACREA ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម ITO Yoshitaka រដ្ឋមន្រ្តីសម្រាប់ពិព័រណ៍ពិភពលោក២០២៥ ឯកឧត្តម HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា និង ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions) ព្រមទាំង ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ សរុបប្រមាណ ៦០០នាក់ មកពី១៦០ប្រទេស ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ និងដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ ព្រមទាំងឯកសារណែនាំនានាអំពីដំណើរការនៃការរៀបចំរចនាពន្លាជាតិ គម្រោងរៀបចំទិវាជាតិនិងព្រឹត្តិការណ៍នានា ការប្រតិបត្តិក្នុងពេលដំណើរការពិព័រណ៍និងកាលកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ក្រោមប្រធានបទរួមគឺ “រៀបចំសង្គមសម្រាប់អនាគត ដើម្បីជីវិតរស់នៅ” (Designing Future Society for Our lives) ដែលមានប្រធានបទរងចំនួន ៣គឺ៖ ១.ការសង្គ្រោះជីវិត ២. ការបង្កើនភាពអង់អាចដល់ជីវិត និង៣. ការភ្ជាប់ទំនាក់ទំនងជីវិត។
ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសយកប្រធានបទរងទី១ “ការសង្គ្រោះជីវិត” និងជ្រើសរើសយកពន្លាជាតិប្រភេទ B ទំហំ ៣០០ម៉ែត្រការ៉េ ស្ថិតនៅទីតាំងលេខ BS3 សម្រាប់ការចូលរួមពិព័រណ៍នេះ ដោយនឹងសម្ពោធ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃរៀបចំទិវាជាតិកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕