ខេត្តស្ទឹងត្រែង ៖ ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យអាទិភាព ជាពិសេសការដាំដុះដំណាំ និងការចិញ្ចឹមសត្វ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន មកពីប្រទេសចិន បានចុះអនុស្សរណៈយោគយល់គ្នា (MOU) បន្ទាប់ពីបង្ហាញពីគោលបំណងដាក់ទុនវិនិយោគលើវិស័យខាងលើនេះ ដែលមានភូមិសាស្ត្រស្ថិតនៅខេត្តស្ទឹងត្រែងតែម្ដង។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាស បានដឹកនាំប្រតិភូនៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ទៅដល់ឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និងបានទៅដល់ដីចំការមួយកន្លែងទៀតនៅចំនុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ដើម្បីពិនិត្យលើដីចំការស្វាយកែវល្មៀត និងស្វាយចន្ទី ហើយបានជីកយកដីដើម្បីយកទៅពិនិត្យនៅប្រទេសចិន ។ ការយកដីទៅពិនិត្យនេះ គឺចង់ដឹងថាដីនេះត្រូវការប្រើប្រាស់សារធាតុ និងជីប្រភេទណាខ្លះដើម្បីបំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ ជៀសវាងកសិករប្រើប្រាស់ជីកសិកម្មមិនសមស្របធ្វើឱ្យខូចដីទាំងស្រុងនាពេលអនាគត់។
សូមរំលឹកដែរថា កាលពីពេលថ្មីៗនេះប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចនៅប្រទេសចិន និងឈានទៅរកកិច្ចទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយវិនិយោគិនចិន ដើម្បីទាក់ទាញក្រុមហ៊ុនចិនមកបណ្តាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែង ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត។
ក្រៅពីនេះ កាលពីថ្មីៗកន្លងទៅ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីររ៉ែ និងថាមពល និងមន្ទីរបរិស្ថាន ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនជាច្រើន ដូចជា Wengfu Zijin Chemical Co., Ltd. ការដ្ឋានរ៉ែមាស និងរោងចក្រផលិតមាសរបស់ក្រុមហ៊ុន ZIJIN, ក្រុមហ៊ុនផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ, ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ និងសម្ភារៈបង្គុំ, ក្រុមហ៊ុនផលិតថាមពលអគ្គីសនីដោយខ្យល់ធម្មជាតិតាមរយៈកង្ហាល់, សិប្បកម្មកែច្នៃថ្មម៉ាប, ក្រុមហ៊ុនបញ្ជាទិញ Uptop ព្រមទាំងទស្សនកិច្ចនៅរោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន HE TAI XING BAG CO.,LTD, និងរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Huata (Fujian) Sports Goods Development Co.,Ltd.ផងដែរ៕