ភ្នំពេញ ៖ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធុការ បានទទួលគម្រោងវិនិយោគមកពីក្រៅប្រទេស និងអ្នកវិនិយោគនៅក្នុងប្រទេស សរុបចំនួន ៤១៤ គម្រោង ដែលមានទុនសរុបរហូតជិតដល់ ៧០០០លានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។
តាមរយៈសេចក្ដីប្រកាសដដែលនេះបានបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។
ជារួម ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២០០០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។
ក្នុងឆ្នាំ២០២៤ ដដែលនេះ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះមានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារអាម៉េរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕