ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥ នេះ មានគម្រោងចំនួន ១៧ ជាមួយនឹងទុនសរុបប្រមាណ ១៥០លានដុល្លារ បានស្នើចុះបញ្ជី សុំសេចក្ដីអនុម័តពីរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបានដំណើរការវិនិយោគនៅកម្ពុជា។ តាមរយៈគម្រោងទាំងនេះអាចបង្កើតឱកាសការងារបានប្រមាណ ៩០០០កន្លែង
តាមទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី១ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួនប្រមាណ ៩០០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។
គួររំលឹកដែរថា ក្រោមបរិយាកាសនៃស្ថិរភាពនយោបាយ សន្តិសុខសង្គម ជាពិសេស គោលនយោបាយអនុគ្រោះ និងទាក់ទាញអ្នកវិនិយោគ ស្របជាមួយនឹងយុទ្ធនាការដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» ក្រោមសកម្មភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាបានទាក់ទាញបានបណ្តាក្រុមហ៊ុនអន្តរជាតិយ៉ាងចូលមកបណ្តាក់ទុននៅកម្ពុជា។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលមានទុនសរុបប្រមាណ ៦, ៩ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។
ក្នុងឆ្នាំ២០២៤ នេះផងដែរ ចំពោះវិស័យឧស្សាហកម្មនៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤ ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣៕