លោក David Moyes ត្រូវបានគេបន្យល់ទុកឲ្យនូវទំហំការងារដ៏ធំមួយនៅពីមុខរូបលោក ខណៈដែលក្រុមញញួរធំ West Ham បានរងបរាជ័យក្នុងលទ្ធផល 2-0 នៅលើទឹកដីក្រុម Watford កាលពីថ្ងៃអាទិត្យ។
ការប្រកួតជាលើកទី1របស់អ្នកចាត់ការទូទៅថ្មីនៃក្រុមញញួរធំរូបនេះ បានបញ្ចប់ទាំងការខកចិត្ត ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Will Hughes និង Richarlison បានធ្វើឲ្យក្រុម Watford វិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ។ បើទោះបីលោក Moyes បានដឹងថា លោកត្រូវបានគេបន្សល់ទុកនូវតំបន់ការពារដ៏អន់បំផុតក្នុងក្របខ័ណ្ឌកំពូលក៏ដោយ ប៉ុន្តែ លោកក៏ត្រូវតែដោះស្រាយទៅលើបញ្ហាតំបន់ប្រយុទ្ធផងដែរ។ ក្រុមញញួរធំមួយនេះនៅតែស្ថិតក្នុងតំបន់កាត់ចោលនៃតារាងក្របខ័ណ្ឌ Premier League ដោយដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់មានសុវត្ថិភាពចំនួន1ពិន្ទុ ក្រោយពីលោក Moyes បានចាប់ផ្តើមធ្វើការត្រួតពិនិត្យលើបញ្ហាផ្សេងៗដែលធ្វើឲ្យលោក Slaven Bilic បាត់បង់តំបន់ការពាររបស់លោក។
បើទោះបីជួបពេលវេលាមិនជោគជ័យក្រោយពីដឹកនាំឲ្យក្រុម Sunderland ធ្លាក់ចេញពីក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនក៏ដោយ ប៉ុន្តែ លោក Moyes បានទទួលយកកិច្ចសន្យារយៈពេលខ្លី ជាមួយនឹងក្រុម West Ham។ ការបរាជ័យរបស់លោកនៅឯក្លិប Sunderland, Manchester United និង Real Sociedad បានបង្ខូចកេរិ៍្តឈ្មោះដ៏ល្អឥតខ្ចោះរបស់លោកនៅឯក្លិប Everton ហើយគ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ អាចនឹងប្រឈមមុខនឹងការខកចិត្តមួយផ្សេងទៀត។ លោក Moyes បានឲ្យដឹងថា៖ «ខ្ញុំតែងតែគិតថា នេះគឺជាការងារដ៏ធំមួយ។ កីឡាករឆ្នើមៗមួយចំនួនដែលមានកេរិ៍្តឈ្មោះបានធ្វើឲ្យខ្ញុំខកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានគិតថា ពួកគេនឹងបង្ហាញខ្ញុំឲ្យបានច្រើនជាងនេះ។ ពួកគេត្រូវតែបង្ហាញខ្ញុំពីមូលហេតុដែលពួកគេបានទទួលកេរិ៍្តឈ្មោះទាំងនោះ»៕
ប្រភពពី៖ Daily Mail