រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពបរិស្ថាន និងការរស់នៅរបស់កុមារ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា តាមរយៈឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ។

ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា (CCRI) ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលនេះ ពិតជាមាសារៈសំខាន់ និងសបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការចូលរួមឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបញ្ជាក់ ពីការគិតគូររបស់ រាជរដ្ឋាភិបាល កម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់កុមារ និងបរិស្ថានរស់នៅរបស់ពួកគេ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ព័ត៌មានទាំងនេះ ក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពីហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែម ពីការគំរាមកំហែង ដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា សន្ទស្សន៍ហានិភ័យនេះ គឺជារបកគំហើញថ្មីមួយទៀត ដែលនឹងផ្តល់នូវវិភាគទាន ដើម្បីជួយតម្រង់ទិស ក្នុងការចូលរួមរៀបចំ គោលនយោបាយប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ជ្រាប បញ្ហាប្រែប្រួលអាកាសធាតុ ទៅថ្នាក់ក្រោមជាតិ ជាពិសេសការដោះស្រាយ បញ្ហាអាកាសធាតុ ដែលកើតឡើងចំពោះកុមារ។

លោក Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានចាត់ទុកថារបាយការណ៍ ដែលបានផ្សព្វផ្សាយនៅពេលនេះ គឺជាឧបករណ៍ដ៏មានអានុភាព មួយ ដើម្បីសកម្មភាពរួម សម្រាប់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ UNICEF នៅឆ្នាំ២០២៣ ដើម្បីរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុ សម្រាប់កុមារនៅកម្ពុជា (Children’s Climate Risk Index) ដើម្បីកំណត់អំពីស្ថានភាព នៃភាពប្រឈម និងភាពងាយរងគ្រោះ របស់កុមារ ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា កុមារកម្ពុជាប្រមាណជិត២លាននាក់ ដែលមានចំនួនច្រើនជាងមួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅប្រឈមនឹង ការប្រែប្រួលអាកាសធាតុ ដូចជាប្រឈមទៅនឹងគ្រោះរាំងស្ងួត ខណៈជាងពាក់កណ្តាលនៃកុមារកម្ពុជា សរុបប្រឈមមុខខ្លាំង ទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់និងទឹកនឹងជំនន់ទឹកទន្លេ។ មូលដ្ឋានភាគច្រើនប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន ក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាបនៃប្រទែសកម្ពុជា៕

Leave a Comment