ភ្នំពេញ ៖ «វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ» ជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកយកមកបង្ហាញ និងចែករំលែកនៅក្នុងអង្គសិក្ខាសាលាជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីរាជរដ្ឋាភិបាលជំនាញដែលពាក់ព័ន្ធកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះនៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា ៖ ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ គិតត្រឹមខែមករាឆ្នាំ២០២៥ នៅទូទាំងប្រទេស ចាប់ពីដំណើរការវាស់វែងបាន ១២ ២១១ ២៥៩ ក្បាលដី ចេញបណ្ណបាន ៨ ០៣១ ២១៧ បណ្ណ ។ នៅក្នុងអាណត្តិទី៧នេះផងដែរ ការវាស់វែងបាន ៣ ៦៧៥ ៦៥៦ ក្បាលដី ចេញបណ្ណបាន ១ ១២៩, ២៨៤ បណ្ណ និងចែកបណ្ណបាន ៨៤០ ៨៣៣ បណ្ណ។ ដោយឡែក ពាក់ព័ន្ធនឹងការបញ្ចប់វិវាទដីធ្លី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានពាក្យបណ្តឹងសរុបចំនួន ១៦ ៤២៨ករណី ដោះស្រាយបញ្ចប់បាន ១៥ ២៧៣ករណីនិងកំពុងដោះស្រាយ ១ ១៥៥ករណី។ ចំណែកវិវាទដីធ្លីកំពុងដោះស្រាយ មានដីឯកជនចំនួន ៨២៤ករណី ដីរដ្ឋ និងដីសហគមន៍ចំនួន ១៧៤ករណី។ ចំណែកឯបញ្ហាពាក់ព័ន្ធការសម្រេចរបស់តុលាការ ឬក្រសួងស្ថាប័នមានចំនួន ៥៥ករណី បញ្ហាពាក់ព័ន្ធនយោបាយចំនួន ២ករណី និងសំណើចុះបញ្ជីចំនួន ១០០ករណី។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះការផ្តល់សេវាគាប់ចិត្ត ក្រសួងមានសេវាសាធារណៈ ៤៩៦ប្រភេទ ស្មើនឹង ៩៩៤មុខសេវា។ ក្នុងឆ្នាំ២០២៣ រកចំណូលបានជាង១៤០លានដុល្លារ ដែលមាន ៧១% ជាចំណូលពន្ធលើការផ្ទេរអចលនទ្រព្យ ហើយបច្ចុប្បន្ននេះកំពុងបង្កើនគុណភាពសេវាសាធារណៈក្នុងយុគសម័យឌីជីថល ផ្អែកលើមូលដ្ឋានទិន្នន័យ និងការធ្វើបរិវត្តកម្មឌីជីថល។
ដោយឡែក សម្រាប់ផ្នែកការគ្រប់គ្រងតំបន់បឹងទន្លេសាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ តំបន់ទន្លេសាប មានផ្ទៃដីសរុបប្រមាណ ១៤១ម៉ឺនហិកតា។ក្នុងនោះតំបន់១ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ តំបន់២ជាតំបន់ទ្រនាប់និងតំបន់៣ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ។ក្រោយការកែសម្រួល គិតត្រឹមឆ្នាំ២០២៤ ៖តំបន់១ មានផ្ទៃដីសរុបប្រមាណ ៤៦៣,៤៦៥ ហិកតា តំបន់២ មានផ្ទៃដីសរុបប្រមាណ ៣៨២,៨៦៤ ហិកតានិងតំបន់៣ មានផ្ទៃដីសរុបប្រមាណ ៥៦៥,២៩១ ហិកតា។
ចំណែកការរៀបចំ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ កម្ពុជាមានរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ មានទំហំ ៤០១គីឡូម៉ែតការ៉េ ក្នុងនោះតំបន់ឧទ្យានកណ្តាល៣៥១គីឡូម៉ែត្រការ៉េ តំបន់រលួស៣០ គីឡូម៉ែត្រការ៉េ និងតំបន់បន្ទាយស្រី២០ គីឡូម៉ែត្រការ៉េ។សូមបញ្ជាក់ថា៖តំបន់១ ជាតំបន់រមណីយដ្ឋានមានប្រាសាទ តំបន់២ជាឧទ្យានបុរាណវត្ថុត្រូវការពារ តំបន់៣ ជាទេសភាពវប្បធម៌ត្រូវការពារ តំបន់៤ ជាចំណុចមានសារសំខាន់ផ្នែកបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិសាស្ត្រ និងតំបន់៥ ជាបរិវេណអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាប-អង្គរ។
ទាក់ទងនឹងការដោះស្រាយវិវាទបុរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យមានបញ្ហា ចំនួន១១០គម្រោង ក្នុងនោះបុរី ៨៤គម្រោង ផ្សារ និងខុនដូ ៥គម្រោង ដីឡូតិ៍ ២១គម្រោង ។ បញ្ហានេះដោះស្រាយបាន ៥៦គម្រោង និងកំពុងសម្របសម្រួល៥៤គម្រោង៕