ក្រុងព្រះសីហនុ នឹងរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល៥ថ្ងៃ នាចុងខែមករានេះ

ព្រះសីហនុ ៖ នាដំណាច់ចុងខែមករានេះ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣១ ដោយមានកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅទីលានតេជោ ក្រុងព្រះសីហនុ ។

នៅក្នុងព្រឹត្តការណ៍នេះនឹងមានសកម្មភាពជាច្រើនដូចជា ការប្រគុំតម្ត្រី និងសម្តែងសិល្ប: ការតាំងពិព័រណ៍ម្ហូបអាហារ ការតាំងផលិតផលពាណិជ្ជកម្ម និងកសិកម្ម ការប្រកួតរត់ប្រណាំង ការប្រកួតថតរូប និងវីដេអូក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” ក្នុងគោលបំណងជ្រើសរើសបេក្ខជនដែលមានទេពកោសល្យស្នាដៃឆ្នើម ដើម្បីចូលរួមជំរុញការផ្សព្វផ្សាយអំពីភាពទាក់ទាញ និងតំបន់សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុ ជាពិសេស ការបង្កើតនូវព្រឹត្តការណ៏ទាក់ទាញកម្សាន្តសប្បាយ ការផ្សព្វផ្សាយតម្លៃវប្បធម៌ខ្មែរក៏ដូចជាផលិតផលខ្មែរជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ។

តាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ផងដែរថា ដើម្បីញាំងឱ្យការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កាន់តែមានភាពអធិកអធម និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវដែលចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ មន្ទីរទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំឱ្យមានការរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាព និងអប់រំអនាម័យបរិស្ថានតំបន់ឆ្នេរ”។ ចំពោះការចូលរួមប្រកួតរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រនេះដែរ អ្នកចូលរួមពុំមានការបង់ប្រាក់ឡើយ ហើយទទួលបានអាវយឺតចំនួន០១ នៅពេលចុះឈ្មោះ។ សម្រាប់ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៥០០ ០០០រៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៤០០ ០០០រៀល, ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៣០០ ០០០រៀល, ជ័យលាភីលេខ៤ ទទួលបានទឹកប្រាក់ ២០០ ០០០រៀល និងជ័យលាភីលេខ៥ ទទួលបានទឹកប្រាក់ ១០០ ០០០រៀល សម្រាប់ជ័យលាភីប្រុស ០៥នាក់ និងស្រី ០៥នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីម្ចាស់ អាជីវកម្ម និងភ្ញៀវជាតិ-អន្តរជាតិ មេត្តាចូលរួមការតាំងពិព័រណ៍ និងទស្សនាកម្សាន្តកម្មវិធីខាងលើឱ្យបានច្រើនកុះករ។ ដោយឡែកសម្រាប់បណ្តាក្រុមហ៊ុនឯកជន សមាគមទេសចរណ៍ អាជីវករទេសចរណ៍ និងសិស្ស និស្សិត ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមទំនាក់ទំនងមកមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរៀងរាល់ម៉ោងធ្វើការ៕

Leave a Comment