វឌ្ឍនភាព ៖ គម្រោងលើកកម្ពស់គុណភាព និងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចបានជិត ២៩ភាគរយហើយ

កំពង់ចាម ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្ពស់គុណភាព និងពង្រីកផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ជា៤គន្លង ដែលមានប្រវែង ៤៥. ៤៨ គីឡូម៉ែត្រ សម្រេចបានវឌ្ឍនភាពប្រមាណ ២៨,៧៦ភាគរយហើយ។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) កាលពីសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) ចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) នៅកំណាត់ទី១ ដែលមានប្រវែង ១៩ គីឡូម៉ែត្រ ដើម្បីពិនិត្យពីភាពជាក់ស្ដែងនៃកិច្ចការងារសាងសង់ វឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។

សូមបញ្ជាក់ដែរថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះមានប្រវែងសរុប ៤៥,៤៨ គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងផ្លូវពី ២ គន្លងទៅ ៤ គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ ម៉ែត្រ។ កំណាត់ផ្លូវនេះ នឹងត្រូវប្រែពីផ្លូវកៅស៊ូស្ដើង DBST ទៅជាផ្លូវបេតុងកៅស៊ូ AC ដែលមានកម្រាស់ ៩ សង់ទីម៉ែត្រ ហើយមានការសាងសង់ស្ពានថ្មីចំនួន ១ កន្លែងប្រវែង ៤០ ម៉ែត្រ ទទឹង ២៤ ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀតប្រវែងសរុប ១០៦ គីឡូម៉ែត្រ ទទឹង ១២ ម៉ែត្រ ព្រមទាំងពង្រីកស្ពានចាស់ចំនួន ១ កន្លែង ទទឹង ១០,៥ ម៉ែត្រ ដាក់លូ ៣៣០ កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿន ២ កន្លែង ស្ថានីយជញ្ជីងថ្លឹងរថយន្ត ២ កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន និងបច្ចេកទេសផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះធ្លាប់បានស្ថាបនាឡើងវិញកាលពីឆ្នាំ១៩៩៩ ជាផ្លូវកៅស៊ូស្ដើង DBST រួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ យ៉ាងណាមិញ ក្រោយការរីកលូតលាស់នៃវិស័យដឹកជញ្ជូន កំណើនឡើងសេដ្ឋកិច្ច និងតម្រូវការធ្វើដំណើរ លំហូរចរាចរណ៍នៅលើកំណាត់ផ្លូវនេះកើនឡើងយ៉ាងគំហុក ដែលធ្វើអោយផ្លូវនេះទៅជា «ផ្លូវកដប» មានសភាពចង្អៀត កកស្ទះ និងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ផងដែរ។ ដូចនេះ រាជរដ្ឋាភិបាល បានសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នេះអោយបានទូលាយ ងាយស្រួលធ្វើដំណើរជាងមុន ដោយគ្រោងចំណាយថវិកា ១១៧ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយបដិភាគរាជរដ្ឋាភិបាលកម្ពុជា ចំណាយពេលសាងសង់រយៈពេល ៤០ ខែអាចនឹងបញ្ចប់នៅឆ្នាំ២០២៦។ គម្រោងនេះ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន។

សូមរំលឹកដែរថា ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងផ្លូវមួយខ្សែរនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕

Leave a Comment