ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរំពឹង ជាមួយនឹងភាពជឿជាក់ថា នឹងមានក្រុមហ៊ុនឯកជនជាច្រើនទៀតបន្តចុះបញ្ជីលក់មូលបត្រ ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ខណៈដែលកាលពីឆ្នាំ២០២៤កន្លងទៅនេះ បណ្តាវិនិយោគិនបានបង្ហាញពីការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផលវិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ និងជឿជាក់ពីការទទួលបានផលចំណេញពីការវិនិយោគ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ គឺប្រមាណ ៥.៨% និងបន្តកំណើនទៅដល់ ៦.០% ក្នុងឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពនៃការវិនិយោគនៅមានភាពស្រពេចស្រពិលនៅឡើយ ដោយសារភាពវិបត្តិនយោបាយជាសកលដែលជះឥទ្ធិពលដល់វិនិយោគិនក្នុងការរក្សាសាច់ប្រាក់នៅក្នុងដៃ។ ទោះបីជាយ៉ាងណា ផ្សារមូលបត្រកម្ពុជា (ផមក) ជឿជាក់ថា ឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់ទីផ្សារទាំងមូល និងជាឱកាសមាសសម្រាប់វិនិយោគិនរបស់យើង។ វិនិយោគិនមានការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផលវិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ ស្របពេលដែលវិនិយោគិនសកម្មក្នុងទីផ្សារមានការកើនឡើង និងជឿជាក់ពីផលចំណេញលើការវិនិយោគភាគហ៊ុនក្នុងថ្លៃបច្ចុប្បន្ន។ ដោយឡែក ក្នុងឆ្នាំ២០២៥នេះផង យើងនឹងមានក្រុមហ៊ុនចុះ បញ្ជីលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាបន្តបន្ទាប់ ដោយបច្ចុប្បន្នមានក្រុមហ៊ុនខ្លះកំពុងរៀបចំខ្លួន និងខ្លះទៀតបាន និងកំពុងរៀបចំឯកសារ និងដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីមកកាន់ផ្សារមូលបត្រកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជាបានទទួលស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ២ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន តែល ភូថេក និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិកាលពីឆ្នាំ២០១៦។
ផ្អែកលើទិន្នន័យក្នុងឆ្នាំ២០២៤ សង្កេតឃើញថា គណនីជួញដូរសរុបមានចំនួន ៥៨,៣៩៤ ត្រូវបានបើកដំណើរការ ដែលក្នុងនោះមានការកើនឡើងគណនីថ្មីចំនួន ១២ ៧៤៥ គណនី កើនឡើងជាង ២៦% បើធៀបនឹងចំនួនគណនីសរុបត្រឹមឆ្នាំ២០២៣។ តម្លៃជួញដូរជាមធ្យមក្នុងឆ្នាំ២០២៤ មានជាង ៥៣៥លានរៀល (ប្រមាណ ១៣៣ ៩៦៣ ដុល្លារ) ដែលមានការថយចុះប្រមាណ ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺការទទួលបានចំណាប់អារម្មណ៍ និងការចូលរួមរបស់វិនិយោគិនក្នុងស្រុកក្នុងវិស័យមូលបត្របានកើនឡើងជាលំដាប់។
ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមស្មើនឹង ១០១ ៨៤៣ ភាគហ៊ុន ដោយ ៩៣% ត្រូវបានជួញដូរដោយវិនិយោគិនក្នុងស្រុក។ ការដាក់បញ្ជាទិញ-លក់ជាមធ្យមប្រចាំថ្ងៃមានចំនួន ៣ ៦២៧ ក្នុងឆ្នាំ២០២៤ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០២៣ ។ ក្រៅពីការជួញដូរតាមទីផ្សារ ប្រតិបត្តិការតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចា (NTM) ក្នុងឆ្នាំ២០២៤ ទទួលបាន ១០ ប្រតិបត្តិការ ដែលក្នុងនោះមានភាគហ៊ុនដូចជា PAS, GTI និង PWSA។ ទំហំជួញដូរសរុបនៃប្រតិបត្តិការទាំងនេះមានចំនួន ១ ២១៣ ៥៥៤ ហ៊ុន ដែលស្មើនឹង ៦២៦៦ ពាន់លានរៀល ដែលធ្វើការជួញដូរដោយវិនិយោគិនបរទេស ៦០% ខណៈដែលវិនិយោគិនក្នុងស្រុកបានរួមចំណែក ៤០%។
ជារួម នៅក្នុងឆ្នាំ២០២៤ គេសង្កេតឃើញថា ផ្សារមូលបត្រកម្ពុជាក៏ទទួលបានការចូលរួមពីវិនិយោគិនបរទេសតាមបណ្តាប្រទេសនានា ដែលក្នុងនោះមានវិនិយោគិនតៃវ៉ាន់នាំមុខគេក្នុងទំហំជួញដូរដែលមានចំនួន ៣៩.៥០% នៃវិនិយោគិនបរទេសសរុប។ ក្រៅពីនេះមានដូចជា ជប៉ុន ចិន និងថៃ តាមពីក្រោយដោយ ២១, ៣១%, ១៤,១៨% និង ៥,៣៦% រៀងគ្នា៕