នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co., Ltd. អញ្ជើញជាអធិបតីពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការអាកាសយានដ្ឋានតារាសាគរនៃខេត្តកោះកុង ជាបណ្តោះអាសន្ន សម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង។
យោងតាមការបញ្ជាក់ពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង នឹងដាក់សម្រាប់ការស្វាគមន៍ការជើងហោះហើរជួល «ឆាតទើរ» (ឆាតទើរ គឺជាជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) ក្នុងស្រុកជំហានដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ប្រមាណ១៥០នាក់។
អាកាសយានដ្ឋានតារាសាគរ នឹងបើកជើងហោះ ឆាតទើរ ក្នុងស្រុក (Domestic Charter Flight) ពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាងមុខ។
អាកាសយានដ្ឋាន ដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុងនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលទី១ លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ដោយក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិករ (ក្រុមហ៊ុនខូសថល អ៊ែរផត អ៊ិនវេសមិន (CAI))។
បើតាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានតារាសាគររយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងថានឹងទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕