ក្នុងពិធីបើក វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូ និកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថល» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម គួរយកចិត្តដាក់បន្ថែម ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលនិងវិនិយោគធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល សំដៅឆ្លើយតបនិងដើរឱ្យទាន់សភាពការណ៍នៃការវិវត្តិរបស់សាកលភាវូបនីយកម្មនៅក្នុងបរិបទឌីជីថល។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។
ជាការឆ្លើយបត ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានលើកឡើងថា ការប្រារព្វធ្វើវេទិកានេះដោយយកប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល» សម្រាប់ការពិភាក្សាគឺត្រឹមត្រូវនិងមានអត្ថន័យបំផុត ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាម និងកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍមូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ នេះជាវេទិកាដ៏មានអត្ថន័យដែលជួយធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសនីមួយៗ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដោយរួមចំណែកជំរុញពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជានាពេលខាងមុខ។
វាយតម្លៃលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលជារួម ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានឱ្យដឹងថា ទាំងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យនេះ ក៏ដូចជា សកម្មភាពគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌអំណោយផលដែលមានសារៈសំខាន់សម្រាប់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ៕