ភ្នំពេញ ៖ ជាមួយនឹងមហិច្ឆតាដែលបានគ្រោងទុកឈានទៅរកតំណែងជាអធិរាជ និងជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក បច្ចុប្បន្ននេះ ក្រៅពីមានការវិវត្ត និងរីកចម្រើនយ៉ាងឆាប់រហ័សទៅលើការកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែមនោះ គ្រាប់ស្វាយចន្ទីកម្ពុជាក៏កំពុងទទួលបានការស្វាគមន៍ និងគាំទ្រគួរឱ្យកត់សម្គាល់នៅលើទីផ្សារអន្តរជាតិ ជាពិសេស សហភាពអឺរ៉ុបតែម្ដង ដែលតាមរយៈតែក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាតែមួយប៉ុណ្ណោះ ទទួលបានការបញញជាទិញពីទីផ្សារអឺរ៉ុបក្នុងដំណាក់ដំបូងរហូតដល់ទៅ២៥០តោន។
ក្រុមហ៊ុនជប៉ុនដែលមកវិនិយោគ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាដើម្បីនាំចេញ និងទទួលបានការបញ្ជាទិញពីទីផ្សារអឺរ៉ុបមួយនេះមានឈ្មោះថា MIRARTH Agri Tech មានទីតាំងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលទើបតែដំណើរការនៅចុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីទំហំ ១,៥០០ តោនក្នុងមួយឆ្នាំ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងដែរថា បច្ចុប្បន្ន ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសមានប្រមាណ៥៨ម៉ឺនហិកតា តែពីរឬ៣ឆ្នាំទៀតអាចនឹងកើនឡើងជាង៦០ម៉ឺនហិកតា។ទទួលផលក្នុងឆ្នាំ២០២៤ មានចំនួន៨៧ម៉ឺនតោន ក្នុងនោះ៨៥ភាគរយបាននាំចេញប្រទេសវៀតណាម នៅសល់ជាង១០ភាគរយកែច្នៃនៅក្នុងស្រុកនិងមួយចំនួនទៀតនាំគ្រាប់ឆៅទៅកាន់ប្រទេសឥណ្ឌា ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស។
ដោយឡែក ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាមានសម្តថភាពផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ ម៉ឺនតោន កើន២៦ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមបានជាង៧៩ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ពាន់ ១១០លានដុល្លារអាមេរិក កើន ៣១ភាគរយ ខណៈតម្លៃកើន ៩ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕