ផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ផ្លូវជាតិលេខ៥១នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ គឺមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។
ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕